ម៉ាឡេស៊ី ៖ លោកស្រី Siti Kamsiah Hassan ដែលជាជំនួយការស្នងការនគរបាល (ACP) បាននិយាយនៅក្នុងទីស្នាក់ការកណ្តាល Bukit Aman របស់នគរបាលម៉ាឡេស៊ី ដោយទឹកមុខ និងសម្លេងដ៏រឹងមាំ ខណៈលោកស្រីបានរៀបរាប់ពីករណីឧក្រិដ្ឋកម្មផ្លូវភេទកុមារនាពេលថ្មីៗនេះ ដោយបញ្ហាប្រឈមក្នុងការដោះស្រាយមានកាន់តែច្រើនឡើង។
នៅក្នុងប្រទេសម៉ាឡេស៊ី កុមារអាយុក្រោម១៨ឆ្នាំកាន់តែច្រើនដោយភាគច្រើនមានអាយុចន្លោះពី១០ឆ្នាំ ទៅ១៥ឆ្នាំ កំពុងត្រូវបានរំលោភបំពានផ្លូវភេទ។
នៅឆ្នាំ២០២២ នគរបាលបានស៊ើបអង្កេតករណីផ្លូវភេទចំនួន១.២៤០ករណី ក្រោមច្បាប់ស្តីពីបទល្មើសផ្លូវភេទប្រឆាំងនឹងកុមារ ដោយកើនឡើងពីចំនួន៩០១ករណីក្នុងឆ្នាំ២០១៨។ ស្ថិតិចុងក្រោយបានបង្ហាញថា បទឧក្រិដ្ឋចំនួន៩៥៩ករណី ត្រូវបានបើកការស៊ើបអង្កេតពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣នេះ ដែលជាតួលេខមធ្យមប្រចាំខែ ខ្ពស់ជាងឆ្នាំ២០២២។
កាលពីឆ្នាំមុន ចំនួន៥០ភាគរយ ទៅ៦០ភាគរយ នៃជនរងគ្រោះពីឧក្រិដ្ឋកម្មផ្លូវភេទជាទូទៅ គឺជាកុមារ។
លោកស្រី Kamsiah បាននិយាយថា ឆ្នាំនេះតួលេខនេះបានកើនឡើងដល់ ៧០ភាគរយ ហើយបទល្មើសទាំងនេះមានចាប់ពីការផលិត និងចែករំលែកវីដេអូផ្លូវភេទកុមារ រហូតដល់ការលួងលោមផ្លូវភេទ ក៏ដូចជាការរំលោភផ្លូវភេទលើរាងកាយ និងដោយប្រយោលលើកុមារផងដែរ៕

