
នៅថ្ងៃចន្ទនេះ ភ្ញៀវទេសចរចិន ដែលបានចុះចតនៅទីក្រុងបាងកក ទទួលបានការស្វាគមន៍លំដាប់ភ្ញៀវសំខាន់ ស្របពេលដែលលោកនាយករដ្ឋមន្រ្តី Srettha Thavisin ស្វាគមន៍ដោយផ្ទាល់ភ្ញៀវទេសចរមួយក្រុមដំបូងដែលបានមកដល់ប្រទេសថៃ ក្រោយពួកគេលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន ដើម្បីពង្រឹងឧស្សាហកម្មទេសចរណ៍ដ៏សំខាន់មួយនេះ ។
ក្រុមរបាំស្លៀកពាក់បែបប្រពៃណី និងក្រុមល្ខោនស្រមោលស្បែក បានសម្តែងជូនភ្ញៀវទេសចរចិន ដែលបានមកដល់តាមជើងហោះហើរមកពីទីក្រុងសៀងហៃ ។ ពួកគេជាច្រើន បានឈប់ថតរូបខ្លួនឯងជាមួយលោក Srettha ។
គួរឲ្យដឹងថា វិស័យទេសចរ សំខាន់ចាំបាច់ខ្លាំងណាស់សម្រាប់ប្រទេសសដ្ឋកិច្ចធំបំផុតទី ២នៅអាស៊ីអាគ្នេយ៍មួយនេះ គឺជាប្រទេសដែលសម្បូរតំបន់ឆ្នេរ និងជីវិតពេលរាត្រី ក្រោយពេលឧស្សាហកម្មគ្មានផ្សែង រងផលប៉ះពាល់ដោយសារការរីករាលឆ្លងសកលជំងឺ COVID-19 ។
ទោះបីជាយ៉ាងណាក៏ដោយ ស្ថានភាពសេដ្ឋកិច្ចចុះខ្សោយក្រោយការរីករាលដាលឆ្លងសកលជំងឺ COVID-19 របស់ចិន មានន័យថា ភ្ញៀវទេសចរ តិចជាងមុននឹងធ្វើដំណើរកម្សាន្តមកកាន់ប្រទេសថៃ ជាហេតុធ្វើឲ្យលោក Srettha ដាក់ចេញគោលនយោបាយលើកលែងទិដ្ឋាការដល់ភ្ញៀវទេសចរចិន និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី ២៥ ខែកញ្ញានេះ រហូតដល់ខែកុម្ភៈ ឆ្នាំក្រោយ ។
រដ្ឋាភិបាលថៃ រំពឹងថានឹងមានភ្ញៀវទេសចរចិន ២,៨៨លាននាក់ អំឡុងពេល ៥ខែនេះ ពោលគឺមានចំនួនខ្ពស់ជាងតិចតួចភ្ញៀវទេសចរចិន ២,៣៤លាននាក់ ដែលបានមកលេងក្នុងឆ្នាំនេះ ៕
