
យោធាអ៊ុយក្រែននិយាយនៅថ្ងៃចន្ទនេះថា ស្រ្តីម្នាក់ បានរងរបួស អគារ និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារដោយមីស៊ីល និងយានដ្រូនទាំងយប់របស់រុស្ស៊ី លើកំពង់ផែនៅទីក្រុង Odesa ស្ថិតនៅតំបន់ភាគខាងត្បូងប្រទេសអ៊ុយក្រែន ។
កងទ័ពអាកាសអ៊ុយក្រែន និយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានកម្ទេចយានដ្រូន Shahed ផលិតនៅអ៊ីរ៉ង់ ចំនួន ១៩គ្រឿង មីស៊ីលតម្រង់គោលដៅ ១១គ្រាប់ ហើយនិងមីស៊ីលល្បឿនលឿនជាងសំឡេងចំនួន ២គ្រឿង ដែលរុស្ស៊ី បើកការវាយប្រហារមកលើអ៊ុយក្រែនទាំងយប់ ដែលភាគច្រើនមានគោលដៅលើទីក្រុង Odesa ។
នៅព្រឹកថ្ងៃចន្ទនេះដែរ អភិបាលក្រុង Odesa លោក Oleh Kiper បាននិយាយថា ស្រ្តីម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយរងរបួសដោយសារតែរលកនៃការផ្ទុះ ។
ខណៈពេលនោះដែរ សេវាកម្មសង្រ្គោះបន្ទាន់រដ្ឋអ៊ុយក្រែន បានបញ្ចេញរូបភាពវីដេអូឃ្លីប ឃើញក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមពន្លត់ភ្លើងនៅលើអគារសណ្ឋាគារដែលរងការបំផ្លិចបំផ្លាញនៅក្នុងទីក្រុង Odesa ៕