
កែប៖ រដ្ឋបាលខេត្តកែប បានប្រកាសពីការរកឃើញពលរដ្ឋរហូតដល់ ៣៤នាក់បន្ថែមទៀត បានឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលពួកគេទាំងអស់សុទ្ធតែពាក់ព័ន្ធនឹងករណីផ្ទុះការឆ្លងមេរោគកូវីដ-១៩នៅឯកាស៊ីណូមួយស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន រដ្ឋបាលខេត្តកែបបានបញ្ជាក់ថា ករណីឆ្លងថ្មីទាំងអស់នេះ ត្រូវបានរកឃើញលើបុរសចំនួន ២៤នាក់ និងស្ត្រី ១០នាក់។
រដ្ឋបាលខេត្តនេះ បញ្ជាក់បន្ថែមថា ពលរដ្ឋទាំង ៣៤នាក់នេះ បានឆ្លងមេរោគកូវីដ-១៩ បន្ទាប់ពីពួកគេបានធ្វើដំណើរទៅកាស៊ីណូ សុខ គីមម៉េង ស្ថិតនៅច្រកទ្វារទ្វេភាគីតន់ហន់ ស្ថិតក្នុងភូមិព្រែកក្រឹស ក្នុងស្រុកកំពត់ត្រាច។
បើតាមរដ្ឋបាលខេត្តនេះ ពលរដ្ឋដែលឆ្លងមេរោគកូវីដ-១៩ទាំងអស់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅឯមណ្ឌលព្យាបាលជំងឺកូវីដ-១៩ នៃខេត្តកែប។
ទន្ទឹមគ្នា រដ្ឋបាលខេត្តកែបបញ្ជាក់ថា កំពុងស្វែងរកមនុស្សជាច្រើនទៀតដែលបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ទាំង ៣៤នាក់នេះ៕