
ក្រុមអាជ្ញាធររដ្ឋ Florida សហរដ្ឋអាមេរិក បានផ្តល់អត្តសញ្ញាណសាកសពរបស់ស្រ្តីវ័យ ៤១ឆ្នាំម្នាក់ ក្រោយពេលដែលគេរាយការណ៍ថា គាត់ស្ថិតនៅក្នុងមាត់សត្វក្រពើ ។
សាកសពរបស់អ្នកស្រី Sabrina Peckham ត្រូវបានគេប្រទះឃើញនៅផ្លូវទឹកក្រោយអ្នកស្រុកម្នាក់រាយការណ៍ប្រាប់ក្រុមនគរបាលថា លោកបានឃើញសាកសពនៅក្នុងមាត់សត្វក្រពើ ។ សត្វក្រពើមួយក្បាលនេះ បានពាំសាកសពហើយបន្ទាប់មកវាហែលក្រោមទឹក ។
លោក Jamarcus Bullard គឺជាអ្នកស្រុកឃើញសត្វក្រពើមួយក្បាលនេះនិយាយថា លោកបានដើរទៅធ្វើសម្ភាសន៍ការងារ ពេលដែលលោកប្រទះឃើញសត្វក្រពើមួយក្បាលដែលមើលទៅដូចជាមានមនុស្សទីងមោងនៅក្នុងមាត់របស់វា ។
លោកបន្តថា លោកបានឃើញសាកសពនៅក្នុងមាត់របស់វា ដូច្នេះហើយទើបលោករត់សំដៅទៅកាន់នាយកដ្ឋានពន្លត់អគ្គិភ័យ ដើម្បីនិយាយប្រាប់ពីហេតុការណ៍មួយនេះ ។
រូបភាពវីដេអូឃ្លីប ឃើញក្រុមមន្រ្តីនគរបាល បានលើកសត្វក្រពើដាក់លើរថយន្ត ស្ថិតក្នុងស្រុក Pinellas រដ្ឋ Florida ។
ការិយាល័យតម្រួតស្រុក Pinellas បាននិយាយថា ក្រុមមន្រ្តីគណកម្មការអភិរក្សសត្វព្រៃ និងនេសាទរដ្ឋ Florida បានសម្លាប់សត្វក្រពើប្រវែងជាង ៤ម៉ែត្រមួយក្បាលនេះ ៕