តួលេខរបស់ក្រសួងសុខាភិបាលបានបង្ហាញកាលពីថ្ងៃអាទិត្យថា មនុស្សជាង៩០០នាក់ បានស្លាប់ ដោយសារជំងឺគ្រុនឈាម ហើយមានករណីជំងឺគ្រុនឈាម១៨៧.៧២៥ករណី ត្រូវបានរាយការណ៍នៅទូទាំងប្រទេសបង់ក្លាដែស រហូតមកដល់បេលនេះ នៅឆ្នាំនេះ។ យោងតាមទិន្នន័យដែលបានចេញផ្សាយដោយអគ្គនាយកដ្ឋាន នៃសេវាសុខភាព ស្ថិតក្រោមក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកស្លាប់ចំនួន ៩០៩នាក់ ជាសរុប រួមមាន៣១៦នាក់នៅក្នុងខែកញ្ញានេះ ៣៤២នាក់នៅក្នុងខែសីហានិង២០៤នាក់ នៅក្នុងខែកក្កដា។
យោងតាមអគ្គនាយកដ្ឋានសេវាសុខភាព បានឲ្យដឹងថាករណីជំងឺគ្រុនឈាម ៦៣.៩១៧ករណី ត្រូវបានកត់ត្រានៅក្នុងខែកញ្ញា បន្ទាប់ពី៧១.៩៧៦ នៅក្នុងខែសីហា និង៤៣.៨៥៤ នៅក្នុងខែកក្កដា។ ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ បានកត់ត្រាអ្នកស្លាប់១៦នាក់បន្ថែមទៀត និងករណីឆ្លងជំងឺគ្រុនឈាម៣.០០៨បន្ថែមទៀតក្នុងរយៈពេល២៤ម៉ោង គិតត្រឹមព្រឹកថ្ងៃអាទិត្យ។ ចំនួនសរុប នៃអ្នកជំងឺដែលបានជាសះស្បើយរហូតមកដល់ពេលនេះនៅឆ្នាំនេះ នៅក្នុងប្រទេសនេះមានចំនួន១៧៦.៣៤៦ករណី។
អំឡុងរដូវកាលមូសុង ខែមិថុនា ដល់ខែ កញ្ញា គឺជារដូវកាលជំងឺគ្រុនឈាម នៅក្នុងប្រទេសបង់ក្លាដែស ដែលត្រូវបានគេគិតថាជាប្រទេសមានហានីភ័យខ្ពស់ នៃជំងឺឆ្លងតាមសត្វមូស។