
ការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ដែលថា ពួកឧក្រិដ្ឋជន ឬភេរវករ អាចប្រើប្រាស់បញ្ញាសិប្បនិម្មិត ឬ AI ដើម្បីបង្កជាវិនាសកម្មដ៏ធំនោះ នឹងគ្របដណ្តប់លើការពិភាក្សា នៅឯកិច្ចប្រជុំកំពូលនៃមេដឹកនាំពិភពលោក ខណៈដែលក្ដីកង្វល់ រីកកាន់តែធំឡើងនៅក្នុងវិមានរដ្ឋាភិបាល Downing Street របស់ចក្រភពអង់គ្លេស ជុំវិញឥទ្ធិពលនៃការរីកចម្រើនរបស់បច្ចេកវិទ្យាជំនាន់ក្រោយ។
ក្រុមមន្ត្រីរបស់ប្រទេសអង់គ្លេសកំពុងធ្វើដំណើរជុំវិញពិភពលោក នៅមុនកិច្ចប្រជុំកំពូលសុវត្ថិភាព AI ក្នុងខែវិច្ឆិកា ខណៈដែលក្រុមមន្ត្រីទាំងនោះស្វែងរកការឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួម ដែលនឹងព្រមានអំពីគ្រោះថ្នាក់នៃក្រុមមនុស្សទុច្ចរិតទាំងឡាយ ដែលនឹងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កឲ្យមានការស្លាប់ ក្នុងទ្រង់ទ្រាយធំ។
មន្ត្រីមួយចំនួន ដែលនៅជុំវិញនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បង្ហាញក្ដីបារម្ភថា បច្ចេកវិទ្យានេះនឹងមានថាមពលគ្រប់គ្រាន់ ក្នុងការជួយបុគ្គលណាម្នាក់ៗឲ្យបង្កើតអាវុធជីវសាស្ត្រ ឬក៏អាចគេចផុតពីការគ្រប់គ្រងរបស់មនុស្សទាំងអស់។
ក្រុមមន្ត្រីទាំងនោះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធភាពបែបនេះ និងតម្រូវការ ក្នុងការមាននិយ័តកម្ម ដើម្បីកាត់បន្ថយលទ្ធភាពទាំងនោះ បន្ទាប់ពីមានការពិភាក្សាថ្មីៗជាមួយនាយកប្រតិបត្តិបច្ចេកវិទ្យាជាន់ខ្ពស់។ កាលពីសប្តាហ៍មុន អ្នកវិទ្យាសាស្ត្រនៅពីក្រោយលិខិតដ៏សំខាន់មួយ ដែលអំពាវនាវឲ្យមានការផ្អាកនូវការអភិវឌ្ឍប្រព័ន្ធ AI ដ៏មានអានុភាព បានឲ្យដឹងថា នាយកប្រតិបត្តិបច្ចេកវិទ្យាបានយល់ព្រមជាលក្ខណៈឯកជនជាមួយនឹងគំនិតនៃការផ្អាកមួយនេះ ប៉ុន្តែមានអារម្មណ៍ថា ពួកគេត្រូវបានរារាំងមិនឲ្យចូលទៅប្រកួតប្រជែងអាវុធ AI ជាមួយគូប្រជែងនានា៕