
កាលពីថ្ងៃអាទិត្យម្សិលមិញ ក្រុមសកម្មជននៃចលនាបាតុកម្មជំនាន់ចុងក្រោយ( Letzte Generation) បានព្យាយាមរំខានព្រឹត្តការណ៍រត់ប្រណាំងម៉ារ៉ាតុងក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ដោយបាញ់ថ្នាំពណ៌លឿងទុំលើផ្លូវរត់ដែលមានក្រុមអ្នករត់៤៥.០០០នាក់ចូលរួមនេះ រយៈពេល ២នាទីប៉ុណ្ណោះ មុនពេលចាប់ផ្តើមការរត់ប្រណាំង ។
រូបភាពវីដេអូឃ្លីប ឃើញក្រុមបាតុករយ៉ាងហោច ៨នាក់ ត្រូវបានឃាត់ខ្លួនដោយក្រុមនគរបាល ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខ័អក្សរ ក្រុម Letzte Generation បានលើកឡើងសម្តីរបស់អ្នកនាំពាក្យម្នាក់ ដែលជារូបវិទូវ័យ ៥៦ឆ្នាំសម្រាប់ការរៀបចំបាតុកម្មនេះថា ពួកយើងសុំទោសដែលរារាំងក្រុមអ្នករត់ពីការចូលរួមការរត់ប្រណាំអម៉ារ៉ាតុងដោយគ្មានការរំខាន ប៉ុន្តែពួកយើងស្ថិតនៅក្នុងស្ថានភាពអាសន្ន ពិភពលោកមិនអាចរង់ចាំការផ្លាស់ប្តូរលើគោលនយោបាយអាកាសធាតុបានទៀតទេ ។
គួរឲ្យដឹងថា កាលពីមុនក្រុមសកម្មជន Letzte Generation បានបង្កការរំខានទ្រង់ទ្រាយធំ ដោយពួកគេបិតកាវខ្លួនពួកគេជាប់នៅលើផ្លូវ និងបិទការធ្វើចរាចរណ៍អំឡុងពេលម៉ោងដ៏មមាញឹកខ្លាំងនៅទូទាំងប្រទេសអាល្លឺម៉ង់ ៕
ការបង្កភាពភ្ញាក់ផ្អើលចុងក្រោយគេដោយក្រុមសកម្មជនទាំងអស់នេះ បានកើតមានឡើង ក្រោយសមាជិករបស់ពួកគេ និយាយថា ពួកគេនឹងតវ៉ានៅព្រឹត្តការណ៍រត់ប្រណាំងម៉ារ៉ាតុងក្រុងប៊ែរឡាំង ដែលត្រូវបានព្រមានដោយក្រុមរៀបចំថា មិនត្រូវរំខានការរត់ប្រណាំងនៅចុងសប្តាហ៍នេះជាដាច់ខាត ៕