ភ្នំពេញ ៖ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី(RCRC Vocational Training Center) កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសម្ភោធជាផ្លូវការ ដោយផ្តោតសំខាន់លើការផលិតធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណតិ្តទី៧, ដែលមានទីតាំងឋិតនៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី សាស្ត្រាចារ្យ បានចូលរួមអបអរសាទរផងដែរ។
លោកបណ្ឌិត អ៊ី លីម៉ា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី បានមានប្រសាសន៍ថា ក្នុងបរិការណ៍បច្ចុប្បន្ននេះ បច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្ស ស្ថិតក្នុងគោលនយោបាយអាទិភាពសម្រាប់រាជរដ្ឋាភិបាលអាណតិ្តទី៧។ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ និងជាសាស្រ្តាចារ្យ ក៏ជាថ្នាក់ដឹកនាំក្នុងសាកលវិទ្យាល័យ មិនបង្អែបង្អង់យូរ គឺត្រូវតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើនធនធានមនុស្ស។ លោកបណ្ឌិត បានលើកឡើងទៀតថា ការបង្កើនធនធានមនុស្ស យ៉ាងដូចម្តេច? ហើយប្រសិនបើលោកទៅបង្រៀន គឺអាចបង្រៀនបានតែ១ថ្នាក់ ឬក៏២ថ្នាក់ប៉ុណ្ណោះ។ ប៉ុន្តែបើលោកបង្កើតជាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ គឺអាចបង្កើនធនធានមនុស្ស បានចំនួនរាប់រយ រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។
លោកបណ្ឌិត អ៊ី លីម៉ា បានបន្ថែមទៀតថា មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ អស៊ីអស៊ី នេះត្រូវបានបង្កើតឡើង ដើម្បីជាកន្លែងផ្តល់នូវចំណេះដឹង ជំនាញបច្ចេកទេសច្បាស់លាស់ និងជាមជ្ឈមណ្ឌលសម្រាប់សិស្ស និសិ្សត អ្នកសិក្សា និងស្រាវជ្រាវបន្ថែមទៀត។ ការសិក្សាផ្តោតលើជំនាញសំខាន់ៗដូចជា៖ -Research, Statistics, Epidemiology, M&E, Data Management, Data Analysis, and Hospital Management
-អាហារូបត្ថម្ភ៖ អាហារូបត្ថម្ភសម្រាប់ស្រី្ត កុមារ អ្នកហាត់កីឡា និងអ្នកជំងឺផ្សេងៗ -សង្គ្រោះបឋម៖ សង្គ្រោះបេះដូង និងផ្លូវដង្ហើម សង្គ្រោះពេលស្លាក់ ពេលមានរបួស ឬបាក់ឆ្អឹង ការហូរឈាម ការលង់ទឹក ពស់ចឹក ការរលាក និងពេលឆក់ខ្សែភ្លើងជាដើម -ទទួលបណ្តុះបណ្តល និងបកប្រែភាសាបរទេស ភាសាអង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ និងភាសាថៃ -បច្ចេកវិទ្យា៖ សិក្សាពីប្រព័ន្ធបច្ចេកវិទ្យា AI និង Digital Marketing -បណ្តុះបណ្តាលជំនាញសេដ្ឋកិច្ច ច្បាប់ ទីផ្សារ និងទេសចរណ៍ និងទទួលប្រឹក្សាយោបល់ ដើម្បីទទួលបានអាហារូបករណ៍ និងឱកាសការងារទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ ក្រៅពីនោះអស៊ីអស៊ី ក៏មានផ្តល់ជូនអាហារ កាហ្វេ និងសៀវភៅរាប់ពាន់ក្បាល សម្រាប់អ្នកសិក្សា អាចអញ្ជើញចូលមកទទួលទានអាហារ និងអានសៀវភៅផងដែរ។
ជាចុងក្រោយអ្វីដែលលោកបណ្ឌិត ខិតខំបង្កើតឡើងនេះ កាន់តែជួយឲ្យរូបលោក រួមនិងបុគ្គលិក មានឱកាសចូលរួមជួយដល់កិច្ចការសង្គម ក្នុងនោះលោកបណ្ឌិត ក៏ជាសមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាពិសេសក្នុងអំឡុងវិបតិ្តកូវីដ-១៩ បានចូលរួមគ្រប់សកម្មភាពជាច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-៩១។ និយាយដោយឡែកមកដល់ពេលនេះ យើងនៅខ្វះជំនាញខ្លីៗជាច្រើន លោកបណ្ឌិត សង្ឃឹមថា រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធ មានទឹកចិត្តបើកទូលាយផ្តល់ឱកាសដល់លោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យដែលមានសញ្ញាបត្រ ចំណេះវិជ្ជាត្រឹមត្រូវ និងមានគោលដៅគាំទ្រ និងដើរស្របជាមួយនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីផលិតធនធានមនុស្ស សុំឲ្យគាត់បើកនូវមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ វគ្គខ្លីៗជាច្រើន ព្រោះទាំងអស់នេះ គឺមិនត្រឹមតែជួយផលិតធនធានមនុស្សប៉ុណ្ណោះទេ។ ប្រាកដណាស់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរុញច្រាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណឆ្នាំ២០២៣-២០២៨ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕ អត្ថបទ៖ រដ្ឋា
























