
អាជ្ញាធរនៅក្នុងរដ្ឋ Kerala ភាគខាងត្បូងនៃប្រទេសឥណ្ឌា នៅថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) បានបើកគ្រឹះស្ថានអប់រំជាច្រើន នៅក្នុងទីក្រុងដែលរងផលប៉ះពាល់ពីវីរុស Nipah បន្ទាប់ពីបិទអស់រយៈពេលជាងថ្ងៃ ១០ថ្ងៃ។
គ្រឹះស្ថានអប់រំក្នុងបរិវេណនៃតំបន់បិទខ្ទប់ផ្សេងទៀត ក្នុងស្រុក Kozhikode នៅតែមិនទាន់ឲ្យដំណើរការដដែល ហើយការរៀនតាមអនឡាញនៅតែបន្តធ្វើ។ សាលារៀនទាំងឡាយនោះ ដែលបានបើកឡើងវិញ ត្រូវបានណែនាំឲ្យមានការធានាថា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូទាំង ពាក់ម៉ាស់ និងអនុវត្តតាមនីតិវិធីអនាម័យយ៉ាងត្រឹមត្រូវ។
គួរបញ្ជាក់ដែរថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ដោយសារវីរុស Nipah នេះ គិតចាប់តាំងពីថ្ងៃទី៣០ ខែសីហាមក ដោយបានបង្ខំឲ្យអាជ្ញាធរប្រកាសពីតំបន់ ដែលត្រូវបិទខ្ទប់ នៅក្នុងភូមិយ៉ាងហោចណាស់៧ ក្នុងស្រុក Kozhikode ។
រដ្ឋាភិបាលប្រចាំរដ្ឋកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាលើកទី៤ របស់វីរុសនេះ រាប់ចាប់តាំងពីឆ្នាំ២០១៨ នៅពេលវីរុស ដែលគ្មានវ៉ាក់សាំងការពារមួយនេះ លេចឡើង និងដែលឆ្លងតាមរយៈការប៉ះពាល់ជាមួយសារធាតុរាវ ក្នុងខ្លួនរបស់សត្វប្រចៀវ ជ្រូក ឬមនុស្ស ដោយបណ្ដាលឲ្យមានអត្រាការស្លាប់រហូតដល់ ៧៥ភាគរយនៃអ្នក ដែលឆ្លងវីរុសនេះ៕