
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Park Jin បានជួបប្រជុំជាមួយអនុរដ្ឋមន្ត្រីការបរទេសជាន់ខ្ពស់របស់ប្រទេសជប៉ុន លោក Funakoshi Takehiro និងឧបការីរដ្ឋមន្ត្រីការបរទេសចិន លោក Nong Rong នៅទីក្រុងសេអ៊ូល នាថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) នៅមុនពេលមានកិច្ចចរចាត្រីភាគីកម្រិតខ្ពស់។
លោក Takehiro និងលោក Rong គ្រោងនឹងធ្វើកិច្ចចរចាត្រីភាគីជាមួយសមភាគីកូរ៉េខាងត្បូង លោក Chung Byung-won ក្នុងទីក្រុងសេអ៊ូល នៅថ្ងៃអង្គារ (ថ្ងៃទី២៦ ខែកញ្ញា) ដោយបង្កើតបាននូវកិច្ចប្រជុំកំពូលមួយជាលើកដំបូង រវាងប្រទេសទាំង៣ ក្នុងរយៈពេល ៤ឆ្នាំ។
ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង បានរាយការណ៍ថា ប្រធានាធិបតីចិនលោក Xi Jinping កាលថ្ងៃសៅរ៍ (ទី២៣ ខែកញ្ញា) សប្ដាហ៍កន្លងមក បាននិយាយថា លោកនឹងធ្វើការពិចារណាយ៉ាងហ្មត់ចត់ ចំពោះដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូង ដែលជាផ្នែកនៃកិច្ចប្រឹងប្រែង ដើម្បីគាំទ្រសន្តិភាព និងសន្តិសុខ នៅឧបទ្វីបកូរ៉េ។
សូមបញ្ជាក់ថា ភាពតានតឹង រវាងប្រទេសកូរ៉េទាំង២ បានកើនឡើង បន្ទាប់ពីមេដឹកនាំកូរ៉ខាងជើងលោក Kim Jong Un បានធ្វើទស្សនកិច្ចរយៈពេលមួយសប្តាហ៍ទៅកាន់ប្រទេសរុស្ស៊ី កាលពីដើមខែនេះ ដែលដំណើរទស្សនកិច្ចនោះ បានធ្វើឲ្យសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងមិនពេញចិត្ត៕