
បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យបានសម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិអូរនាង ស្ថិតក្នុងក្រុងប៉ោយប៉ែតចាប់ពីថ្ងៃនេះទៅ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចចេញនៅថ្ងៃនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានប្រកាសថា សម្រេចបិទខ្ទប់ការធ្វើដំណើរចេញ-ចូលជាបណ្ដោះអាសន្នលើទីតាំងមួយផ្នែកនៃភូមិអូរនាង ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាល នៃក្រុងប៉ោយប៉ែត។
បើតាមសេចក្ដីសម្រេចនោះ ការបិទខ្ទប់បណ្ដោះអាសន្ននេះ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃនេះរហូតទៅដល់ថ្ងៃទី១៤ ខែមិថុនាខាងមុខនេះ។
រដ្ឋបាលខេត្តនេះបញ្ជាក់ថា ការសម្រេចបិទខ្ទប់នេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩ បន្ទាប់ពីក្រុងប៉ោយប៉ែតបានមើលមនុស្សជាច្រើននាក់ឆ្លងមេរោគកូវីដ-១៩អស់រយៈជាច្រើនថ្ងៃមកហើយនោះ។
អំឡុងពេលនៃការបិទខ្ទប់នេះ អាជ្ញាធរខេត្តនេះសម្រេចហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំមនុស្ស ហាមឃាត់ការធ្វើដំណើរចេញ ឬចូល និងហាមឃាត់សកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមិនចាំបាច់៕