កាណាដា៖ ជនជាតិកាណាដាកាន់សាសនាស៊ីគ(Sikhs) បានធ្វើបាតុកម្មតូចមួយនៅខាងក្រៅបេសកកម្មការទូតរបស់ប្រទេសឥណ្ឌាកាលពីចន្ទ មួយសប្តាហ៍បន្ទាប់ពី លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) និយាយថា អាចមានជាប់ពាក់ព័ន្ធរវាងទីក្រុង New Delhi និងការសម្លាប់អ្នកតស៊ូមតិបំបែកខ្លួន សាសនាស៊ីគ (Sikh) នៅខេត្ត ប្រ៊ីធីសកូឡុំប៊ី (British Columbia) ។
ក្រុមអ្នកតវ៉ាប្រហែល ១០០ នាក់នៅទីក្រុងតូរ៉ុនតូ(Toronto)បានដុតទង់ជាតិឥណ្ឌា និងវាយរូបក្រដាសកាតុងកាត់របស់នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដោយស្បែកជើង។ បាតុករប្រហែល ២០០នាក់ក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុល ក្នុងទីក្រុង វ៉ាន់កូវ៉ើ(Vancouver)ផងដែរ។
នៅទីក្រុងអូតាវ៉ា មនុស្សតិចជាង ១០០ នាក់បានប្រមូលផ្តុំគ្នានៅមុខការិយាល័យឧត្តមស្នងការឥណ្ឌា (ស្ថានទូត)ក្នុងរដ្ឋធានីនេះ។ពួកគេបានគ្រវីទង់ជាតិពណ៌លឿង ដែលបង្ហាញពិភពលោកថា ខាហាលីស្ថាន (Khalistan) ដែលសំដៅលើការគាំទ្ររបស់ពួកគេក្នុងការធ្វើឱ្យរដ្ឋ ពុនចាប(Punjab) របស់ឥណ្ឌាក្លាយជារដ្ឋឯករាជ្យសម្រាប់សាសនិកស៊ីគ (Sikhs) ជាបុព្វហេតុដែលលោក នីចា (Nijjar) បានធ្វើយុទ្ធនាការ។
ប្រទេសកាណាដាគឺជាផ្ទះសម្រាប់សាសនិកស៊ីគ ប្រហែល ៧៧០.០០០ នាក់ ជាចំនួនប្រជាជនខ្ពស់បំផុតនៃអ្នកកាន់សាសនាស៊ីគ នៅខាងក្រៅរដ្ឋកំណើត ពុនចាបរបស់ពួកគេ - ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះមានបាតុកម្មជាច្រើនដែលបានធ្វើឱ្យឥណ្ឌាខឹង។
ចំណែកប្រទេសឥណ្ឌាវិញ បានចាត់ទុកការចោទប្រកាន់របស់លោក Trudeau ថាជារឿងមិនសមហេតុផល។ ឥណ្ឌា បានព្រមានអ្នកធ្វើដំណើរកាលពីសប្តាហ៍មុនថាមានការកើនឡើង សកម្មភាពប្រឆាំងឥណ្ឌា នៅក្នុងប្រទេសកាណាដាដោយជំរុញឱ្យ ប្រុងប្រយ័ត្នបំផុត ប៉ុន្តែពុំបានផ្តល់ភស្តុតាងឬព័ត៌មានលម្អិតនៃឧបទ្ទវហេតុជាក់លាក់ណាមួយនោះទេ៕

