ហ្គាតេម៉ាឡា៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃចន្ទថា ភ្លៀងធ្លាក់ខ្លាំងកាលពីពេលយប់បង្កឲ្យទន្លេនៅក្នុងរដ្ឋធានីប្រទេសហ្គាតេម៉ាឡា ហៀរឡើងលើច្រាំង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦នាក់ស្លាប់ និង១៣នាក់ផ្សេងទៀតបាត់ខ្លួន។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិប្រទេសហ្គាតេម៉ាឡា Conred បាននិយាយថា លំនៅឋាន៦ខ្នងត្រូវបានទឹកហូរនាំបន្ទាប់ពីទន្លេ Las Vacas ដែលហូរឆ្លងកាត់ទីក្រុងរបស់ប្រទេសហ្គាតេម៉ាឡា បានធ្វើឲ្យពេញហៀរតំបន់មួយកន្លែង មានចម្ងាយប្រមាណ៣គីឡូម៉ែត្រ ភាគខាងត្បូងទីប្រជុំជន។
លោក Sergio Cabanas ប្រធានប្រតិបត្តិការមកពីនាយកដ្ឋានពន្លត់អគ្គិភ័យក្រុង បាននិយាយថាសាកសពយ៉ាងហោចណាស់៦នាក់ ម្នាក់ជាអនីតិជន និង៥នាក់ជាមនុស្សពេញវ័យ ត្រូវបានស្រង់យក ទោះបីជាក្រុមអ្នកសង្គ្រោះនៅបន្តស្វែងរកសាកសសពបន្ថែមទៀតក៏ដោយ។
យោងតាមអ្នកសម្របសម្រួលជាតិ ទទួលបន្ទុកកាត់បន្ថយគ្រោះមហន្តរាយ(Conred) បានឲ្យដឹងថា មុនពេលភ្លៀងកាលពីល្ងាចថ្ងៃអាទិត្យ មនុស្សយ៉ាងហោចណាស់២៩នាក់បានស្លាប់ដោយសារតែទឹកជំនន់នៅក្នុងប្រទេសហ្គាតេម៉ាឡា ក្នុងរដូវវស្សានេះ៕

