
កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រកាសថា បានបន្តរកឃើញប្រជាពលរដ្ឋ ១៣នាក់បន្ថែមទៀតឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ ដែលភាគច្រើនជាកម្មកររោងចក្រកាត់ដេរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងបញ្ជាក់ថា ករណីឆ្លងថ្មីទាំងនេះ ត្រូវបានរកឃើញលើកម្មការិនីរោងចក្រដល់ទៅ ១២នាក់ ហើយ ១ករណីទៀត ត្រូវបានរកឃើញលើនារីម្នាក់ជាអ្នកលក់ផលិតផល។
បើតាមរដ្ឋបាលខេត្តនេះ អ្នកជំងឺកូវីដ-១៩ទាំងអស់នេះ ត្រូវបានបញ្ជូនទៅដាក់ឱ្យសម្រាកព្យាបាលនៅឯមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច។
គិតត្រឹមថ្ងៃនេះ មនុស្សដល់ទៅ ២៤៦នាក់ហើយ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងនោះអ្នកជំងឺកូវីដ-១៩ចំនួន ៣នាក់បានស្លាប់បាត់បង់ជីវិត ហើយអ្នកជំងឺកូវីដ-១៩ចំនួន ៤៩នាក់ហើយត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺកូវីដ-១៩ចំនួន ១៩៤នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕