ភ្នំពេញ៖ ក្នុងឱកាសចូលរួមនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្តិបាតអង្គការសហប្រជាជាតិ(UNGA) ដែលបានធ្វើឡើងនៅទីក្រុងញូវយ៉ក់ សហរដ្ឋអាមេរិក កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងយ៉ាងម៉ឺងម៉ាត់ថា កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានកងទ័ពបរទេសស្ថិតនៅលើទឹកដីរបស់ខ្លួននោះឡើយ ហើយមួយវិញទៀតក៏មិនព្រមឲ្យប្រទេសណា ឬក្រុមណាប្រើប្រាស់ទឹកដីកម្ពុជាប្រឆាំង នឹងប្រទេសណានោះដែរ។
ការបញ្ជាក់បែបនេះ របស់នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងកិច្ចប្រជុំដ៏ធំដែលមានប្រទេសជាង ១៨០ចូលរួមនេះ គឺដើម្បីឆ្លើយតបចំពោះប្រទេសខ្លះ ដែលបានធ្វើការចោទប្រកាន់ មកលើកម្ពុជាម្តងហើយម្តងទៀតថា កម្ពុជាបានអនុញ្ញាតឲ្យកងទ័ពចិនដាក់មូលដ្ឋានខ្លួនលើទឹកដីកម្ពុជា ជាពិសេសគឺលើសមុទ្ររាម នាខេត្តព្រះសីហនុនេះតែម្តង។
តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីលទ្ធផលវត្តមានរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងមហាសន្តិបាតអង្គការសហប្រជាជាតិ(UNGA) នោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយ ការបរទេសឯករាជ្យ និងអព្យាក្រឹត្យដែលផ្អែកលើច្បាប់ និងគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។
សម្តេចធិបតី បានបញ្ជាក់ថា«កម្ពុជានឹងមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួនដូចដែលបានចែងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ទន្ទឹមនេះ កម្ពុជាក៏ មិនអនុញ្ញាតឲ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសណាមួយនោះឡើយ»។
តាមរយៈសេចក្តីប្រកាសព័ត៌មាននេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានប្រាប់ដល់អង្គប្រជុំផងដែរថា កម្ពុជាមានវឌ្ឍនភាពឥតឈប់ឈរ ក្នុងការកសាងប្រជាធិបតេយ្យ ដូចដែលត្រូវបានបង្ហាញ តាមរយៈការបោះឆ្នោតសកលក្នុងខែកក្កដា កន្លងទៅ ដែលមានលក្ខណៈសេរី យុត្តិធម៌ គួរឲ្យទុកចិត្តត្រឹមត្រូវ និងប្រកបដោយបរិយាបន្ន ដោយមានគណបក្សនយោបាយចំនួន១៨ ចូលរួមក្នុងការប្រកួតប្រជែង នេះ និងមានអ្នកចូលរួមបោះឆ្នោតចំនួន ៨៤.៥៩ភាគរយ ដែលនេះគឺជាអត្រាខ្ពស់បំផុតមិនធ្លាប់មានពី មុនមកចំពោះកម្ពុជា។
សម្តេចធិបតី បានបន្ថែមទៀតថា ការណ៍នេះបានបង្ហាញពីភាពចាស់ទុំផ្នែកនយោបាយ និងសេចក្តីរីករាយពេញចិត្តខ្លាំងជាងមុន ក្នុងការអនុវត្តសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា៕
អត្ថបទ៖ បាន ចក់