ភ្នំពេញ៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន(SRETTHA THAVISIN) នាយករដ្ឋមន្ត្រីនៃ ព្រះរាជា ណាចក្រថៃ នឹងអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្ដម សេដ្ឋា ថាវីស៊ីន នឹងដឹកនាំគណៈប្រតិភូអញ្ជើញមកដល់កម្ពុជានាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្ដមនឹងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ។ បន្ទាប់មកឯកឧត្ដម សេដ្ឋា ថាវីស៊ីន អញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចករកម្ពុជា នៅវិមានសន្តិភាព។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដម សេដ្ឋា ថាវីស៊ីន អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារការជួញដូរ និងក្រុមងាយរងគ្រោះដទៃទៀត។
នៅពេលរសៀលថ្ងៃដដែលឯកឧត្ដម សេដ្ឋា ថាវីស៊ីន អញ្ជើញចូលជួបសម្តែងការគួរសមជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា, សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
