អាហ្វ្រិកខាងត្បូង៖ ក្រុមមន្ត្រីខេត្ត Western Cape បាននិយាយថា អ្នកបាត់ខ្លួនយ៉ាងហោចណាស់៣នាក់ ត្រូវបានគេបារម្ភថាបានស្លាប់ បន្ទាប់ពីព្យុះដ៏កាចសាហាវមួយបានបោកបក់ពាសពេញខេត្តអាហ្រ្វិកខាងត្បូងមួយនេះ កាលពីថ្ងៃច័ន្ទ (២៥ កញ្ញា) ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងទូលំទូលាយ និងទឹកជំនន់ផងដែរ។
មន្ត្រីទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយខេត្ត Western Cape លោក Regan Thaw បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ឥទ្ធិពលព្យុះបក់ទៅលើលំនៅដ្ឋានក្រៅផ្លូវការរបស់ខេត្តនេះ មានទំហំធំធេងណាស់។
រដ្ឋាភិបាលក្នុងតំបន់បានហៅព្យុះនេះថាជា «គ្រោះមហន្តរាយ» ដោយផ្តល់យោបល់ថា ទំហំនៃការខូចខាតទាំងស្រុង នឹងលេចចេញជារូបរាងនៅពេលដែលព្យុះបានថយចុះ។ សេវាកម្មអាកាសធាតុអាហ្រ្វិកខាងត្បូងបានចេញការព្រមាន «កម្រិតពណ៌លឿងទុំ ៩» ដែលបង្ហាញពីលទ្ធភាពនៃទឹកជំនន់បន្ថែមទៀតខណៈប្រព័ន្ធអាកាសធាតុបង្ហាញថា ព្យុះកំពុងផ្លាស់ទីទៅភាគខាងកើតពាសពេញអាហ្វ្រិកខាងត្បូងផងដែរ៕

