អ៊ុយក្រែន៖ សមាជិកនៃស្ថាប័នស៊ើបអង្កេត ដែលទទួលបន្ទុកដោយអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២៥ កញ្ញា) នៅក្នុងការរកឃើញចុងក្រោយរបស់ពួកគេថា ក្រុមទាហានរុស្ស៊ី បានធ្វើទារុណកម្មជនជាតិអ៊ុយក្រែនយ៉ាងព្រៃផ្សៃ រហូតដល់ជនរងគ្រោះមួយចំនួនបានស្លាប់ ហើយបានបង្ខំក្រុមគ្រួសារឱ្យនៅស្តាប់ ខណៈពួកគេបានរំលោភស្ត្រីនៅក្បែរនោះទៀតផង។
លោក Erik Møse ប្រធានគណៈកម្មការស៊ើបអង្កេតលើអ៊ុយក្រែន បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ថា ក្រុមរបស់លោកបាន «ប្រមូលភស្តុតាងបន្ថែមទៀត ដែលបង្ហាញថា ការប្រើប្រាស់ការធ្វើទារុណកម្មដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ បានរីករាលដាល និងជាប្រព័ន្ធ»។
រុស្ស៊ីបដិសេធការប្រព្រឹត្តអំពើឃោរឃៅ ឬកំណត់គោលដៅជនស៊ីវិលនៅអ៊ុយក្រែន។ លោក Møse បាននិយាយថា គណៈកម្មការព្យាយាមទាក់ទងជាមួយរុស្ស៊ី ប៉ុន្តែមិនមានចម្លើយអំពីបញ្ហានេះនោះទេ។
គណៈកម្មាការបាននិយាយពីមុនថា ការរំលោភដែលប្រព្រឹត្តដោយកងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែន រួមទាំងការប្រើទារុណកម្ម អាចជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

