
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បានអះអាងថា ចាប់ពីពេលនេះតទៅ យោធភូមិភាគទី៥ប្តេជ្ញា មិនឲ្យគ្រឿងញៀនជាប់នឹងខ្លួនដល់កងទ័ពនៅអង្គភាពរបស់ខ្លួនជាដាច់ខេត្ត ហើយប្រសិនបើរកឃើញថា មានជាប់ពាក់ព័ន្ធ នឹងត្រូវដកចេញពីក្របខណ្ឌកងទ័ព និងយកទៅផ្តន្ទាទោសទៅតាមច្បាប់ផងដែរ។
តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV លោកឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ដើម្បីអនុវត្តទៅតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិកម្ពុជា «សូន្យគ្រឿងញៀនក្នុងវិស័យកងទ័ព» យោធភូមិភាគទី៥ មានកងពលតូចថ្មើរជើងចំនួន៣ កងពលតូចថ្មើរជើងលេខ៥១ លេខ ៥២ លេខ៥៣ តំបន់ប្រតិបត្តិការសឹករងចំនួន៤, តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់,តំបន់ប្រតិបត្តិការសឹករងបាត់ដំបង, តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ, តំបន់ប្រតិបត្តិការសឹករងប៉ៃលិន,វរសេនាតូចស៊ើបការ វរសេនាតូចការពារអាកាស ,វរសេនាតូចរថក្រោះ និងវរសេនាតូចកំភ្លើងធំនោះនឹង ចូលរួមជាមួយភាគីពាក់ព័ន្ធទប់ស្កាត និងប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យខាងតែបាន ជាពិសេសគឺនៅក្នុងអង្គភាពនីមួយៗដែលចំណុះឲ្យយោធភូមិភាគទី៥នេះតែម្តង។
សូមបញ្ជាក់ថា នៅក្នុងដំណើរចុះសួរសុខទុក្ខដល់នាយទាហាន នាយទាហានរងនៅក្នុងយោធភូមិ ភាគទី៤ និងទី៥កាលពីចុងសប្តាហ៍កន្លងទៅនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងការពារជាតិកម្ពុជា បានដាក់បទបញ្ជា និងដាស់តឿន ដល់កងទ័ពទាំងអស់មិនត្រូវសេព និងជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀននោះឡើយហើយប្រសិនបើរកឃើញថាទាហានរូបណាដែលសេព និងជួយដូរគ្រឿងញៀននឹងត្រូវដកចេញពីក្របខណ្ឌកងទ័ពភ្លាមៗ រួមទាំងដាក់ទោសទៅតាមច្បាប់ជាធរមានផងដែរ។
ជាមួយគ្នានោះដែរនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្រ្តី ក៏បានដាក់បទបញ្ជាដល់មេបញ្ជាការកងពលទាំងអស់មុននឹងជ្រើសរើសទាហានបន្តវេននៅក្នុងអង្គភាពរបស់ខ្លួន ត្រូវពិនិត្យ និងធ្វើតេស្តគ្រឿងញៀនឲ្យបានម៉ត់ចត់ ដោយមុនធ្វើការប្រឡងត្រូវធ្វើតេស្តគ្រឿងញៀនជាមុន ហើយមុននឹងជាប់ក្របខណ្ឌត្រូវធ្វើតេស្តយ៉ាងតិចចំនួន៤ ដងផងដែរ៕អត្ថបទ៖ បាន ចក់