
តាកែវ៖ រដ្ឋបាលខេត្តតាកែវ បានប្រកាសប្រមូលអាជីវករនៅផ្សារមួយទៀតស្ថិតក្នុងស្រុកត្រាំកក់ យកទៅពិនិត្យសំណាករកមេរោគកូវីដ-១៩ បន្ទាប់ពីសម្រេចផ្អាកជាបណ្ដោះអាសន្ននូវដំណើរការលក់ដូរ។
ក្នុងសេចក្ដីសម្រេចនៅថ្ងៃនេះ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានសម្រេចឱ្យបិទជាបណ្ដោះអាសន្ននូវដំណើរការផ្សារត្រពាំងអណ្ដើក ស្ថិតនៅក្នុងភូមិទួលខ្លុង ឃុំអូរសារាយ។
បើតាមសេចក្ដីសម្រេចនេះ រដ្ឋបាលខេត្តតាកែវប្រាប់ឱ្យផ្អាកដំណើរការអាជីវកម្ម និងការលក់ដូរទាំងអស់ចាប់ពីថ្ងៃនេះរហូតមានការជូនដំណឹងជាថ្មី។
រដ្ឋបាលខេត្តនេះ បញ្ជាក់ថា ការសម្រេចបែបនេះ គឺដើម្បីកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃមេរោគកូវីដ-១៩នៅក្នុងភូមិសាស្ត្រមួយនេះ និងការឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
ក្រៅពីនេះ រដ្ឋបាលខេត្តតាកែវ ក៏បានប្រកាសឱ្យប្រមូលអាជីវករទាំងអស់ទៅផ្ដល់សំណាកដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ និងតម្រូវឱ្យអ្នកពាក់ព័ន្ធត្រូវរក្សាខ្លួនឯងដាច់ដោយឡែក ដើម្បីតាមដានសុខភាពខ្លួនឯង។
នៅថ្ងៃនេះដែរ រដ្ឋបាលខេត្តតាកែវ ក៏បានប្រកាសឱ្យប្រមូលអាជីវករទាំងអស់នៅផ្សារសៃវ៉ា ស្ថិតក្នុងស្រុកព្រៃកប្បាស ឱ្យទៅផ្ដល់សំណាកដើម្បីពិនិត្យរកមេរោគកូវីដ-១៩ផងដែរ៕