ក្រុមបាល់បោះជម្រើសជាតិកម្ពុជា នឹងបន្ដជួបក្រុមជម្រើសជាតិកាហ្សាក់ស្ថាន លើវិញ្ញាសា ៣នាក់ ទល់ ៣នាក់ ក្នុងវគ្គជម្រុះពូលD នៃព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុង Hangzhou ប្រទេសចិន ។
នេះគឺជាការប្រកួតទី២ ក្នុងពូល បន្ទាប់ពីប្រកួតបើកឆាកក្រុមបាល់បោះកម្ពុជា ទទួលលទ្ធផលមិនគាប់ប្រសើរ ដោយចាញ់ក្រុមជម្រើសជាតិថៃ ២១-១០ ពិន្ទុ ។ យ៉ាងណាមិញកម្ពុជា នៅសល់ ៣ប្រកួតទៀត ដែលត្រូវការជ័យជម្នះ ដើម្បីប្រជែងកៅអីវគ្គបន្ដ ដោយត្រូវជួបក្រុមកាហ្សាក់ស្ថានល្ងាចនេះ មុនបន្ដជួបក្រុមគៀហ្ស៊ីគីស្ថាន និងកាតា ដែលស្ថិតក្នុងពូលជាមួយគ្នា ។
ក្រៅពីកីឡាបាល់បោះ ថ្ងៃនេះដែរ កម្ពុជាក៏មានអត្តពលិក ២ប្រភេទកីឡាតៀត ត្រូវបន្ដការប្រកួតរបស់ខ្លួនផងដែរ រួមមានកីឡាតេក្វាន់ដូ WT គឺមានកីឡាការិនី ម៉ម ជូលី និងកីឡាការិនី ឈឿង អាលីហ្សា ត្រូវប្រកួតវិញ្ញាសាទម្រង់ក្រោម ៥៣គីឡូក្រាម និងទម្រង់ក្រោម ៥៣គីឡូក្រាម និងកីឡាករទូកក្ដោង ៣រូប ត្រូវបន្ដការប្រកួតជម្រុះ រួមមានកីឡាករ កែវ ភានុន, កែវ ភារុណ និងកីឡាករ ញ៉ូវ ចាន់ ៕ អត្ថបទ លី ឈុនឡា