ភ្នំពេញ៖ ប្រឡាយអូរតាគុជ ក្នុងមូលដ្ឋានខណ្ឌសែនសុខ ដែលស្ថិតនៅប៉ែកខាងលិច នៃរាជធានីភ្នំពេញ ត្រូវបានក្រុមអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញ កំពុងបន្តដំណើរការចុះកាយ និងស្តារប្រលាយទាំងមូល ដើម្បីឱ្យប្រព័ន្ធបង្ហូរទឹកអាចហូរបានទៅដោយរលូន បញ្ចៀសបាននូវជន់លិចភូមិពលរដ្ឋរស់នៅ ខណៈរដូវនេះជារដូវវស្សាផងដែរនោះ ។
ប្រឡាយអូរតាគុជខាងលើនេះ មានប្រវែងសរុប ៣១១៥ម៉ែត្រ ( ៣គីឡូម៉ែត្រ ) គិតចាប់ពីផ្លូវលេខ២០១១ ដល់ផ្លូវលេខ៥៩៨ ដែលមានភូមិមួយចំនួន ស្ថិតក្នុងសង្កាត់ចំនួន០៤ នៅប្របសងខាងប្រលាយ រួមមានសង្កាត់ភ្នំពេញថ្មី , សង្កាត់គោកឃ្លាង , សង្កាត់ទឹកថ្លា , និងសង្កាត់ អូរបែកក្អម ។
លោក សាំង សុភះវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានប្រាប់ BTV ឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរខណ្ឌបានកាយ និងស្តារប្រឡាយអស់រយៈពេល១៥ថ្ងៃហើយ ដោយសម្រេចលទ្ធិផលបានប្រមាណពី៧០ ទៅ៨០ភាគរយ ហើយនឹងត្រូវស្តាររួចរាល់ ១០០ភាគរយ នៅក្នុងសប្តាហ៍នេះតែម្តង ។ ដោយការស្តារនេះ ធ្វើឡើងចាប់ពីគល់ស្ពានលេខ២០០៥ និងផ្លូវលេខ១០០៣ ដោយប្រើអេស្កាវ៉ាទ័០៣គ្រឿង និងសាឡង់០១គ្រឿង ។ លោកអភិបាលរងខណ្ឌ បន្ថែមថា ការកាយ និងស្តារប្រឡាយនេះ វានឹងជួយរំដោះទឹក បញ្ចៀសការជន់លិចនៅតាមបណ្តាភូមិពលរដ្ឋមួយចំនួនឱ្យកាន់តែប្រសើរឡើងផងដែរ ។
ទន្ទឹមនឹងសកម្មភាពចុះកាយ និងស្តារនោះ លោកអភិបាលរង ក៏បានសំណូមពរដល់ពលរដ្ឋរស់នៅប្របសងប្រឡាយ មេត្តាចូលរួមថែរក្សាបរិស្ថានអនាម័យទាំងអស់គ្នា ដោយសូមបញ្ចៀសឱ្យបាននូវការបោះចោលសំរាម និងកាកសំណល់ផ្សេងៗចូលទៅក្នុងប្រឡាយ ដែលជាកត្តាបង្កឱ្យប្រឡាយមានការកកកុញស្ទះ មិនអាចហូរទឹកបានលឿន រាល់ពេលមេឃភ្លៀងខ្លាំងម្តងៗ ។
ពលរដ្ឋរស់នៅប្របសងខាងប្រលាយ ក៏បានសម្តែងអារម្មណ៍រីករាយ ចំពោះសកម្មភាពគិតគូរយកចិត្តទុកដាក់របស់អាជ្ញាធរខណ្ឌ ដែលបានចុះកាយ និងស្តារប្រឡាយឱ្យបានជ្រៅ និងបើកមុខទឹកឱ្យកាន់តែធំ ដើម្បីធ្វើឱ្យប្រព័ន្ធទឹកអាចហូរបានលឿនរហ័ស ដោយមិនមានការរាំងស្ទះ បង្កជាការជន់លិចប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋបន្តទៀត ។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតប និងបញ្ចៀសបាននឹងការជន់លិចនៅក្នុងរាជធានីភ្នំពេញផងដែរនោះ ក្នុងមួយរយៈក្រោយមកនេះ ប្រឡាយមេសំខាន់ៗជាច្រើននៅក្នុងរាជធានីភ្នំពេញ មានដូចជាប្រឡាយបឹងសាឡាង និងប្រឡាយបឹងត្របែកជាដើម ត្រូវបានក្រុមអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានគិតគូរយកចិត្តទុកចុះកាយ និងស្តារជាបន្តបន្ទាប់រួចរាល់ហើយផងដែរ ដើម្បីទប់ស្កាត់ការជន់លិច ៕ អត្ថបទ៖ លីហេង





