អ្នកចូលចិត្តជិះកង់មកពីទូទាំងចក្រភពអង់គ្លេស បានប្រមូលផ្តុំគ្នា ដើម្បីរំលឹកដល់យុគសម័យអតីតកាល នៃកង់ បុរាណ Penny Farthing ក្នុងការប្រកួតកីឡាប្រណាំងកង់បុរាណ British Penny Farthing Championships នៅទីលានប្រណាំងកង់ Hillingdon ចក្រភពអង់គ្លេស។

The Penny Farthing គឺជាកង់ដ៏ល្បីល្បាញមួយ ដែលត្រូវបានផលិតឡើងដំបូងកាលពីជិត ១៥០ ឆ្នាំមុន និងជាប្រភេទកង់ដែលពេញនិយមកាលពីអតីតកាល តាមរយៈការលក់ចេញយ៉ាងច្រើនសន្ធឹកសន្ធាប់។
ឈ្មោះកង់នេះ ត្រូវបានគេដាក់ដើម្បីគោរពដល់កាក់ប្រវត្តិសាស្ត្ររបស់ចក្រភពអង់គ្លេស Penny និង Farthing ដែលតំណាងឱ្យភាពផ្ទុយគ្នាស្រឡះរវាងកង់ខាងមុខដ៏ធំសម្បើម និងកង់ខាងក្រោយតូច។

ចាប់តាំងពីឆ្នាំ ១៩៨៦ ព្រឹត្តិការណ៍ Evendale នៅប្រទេសអូស្ត្រាលីបានរៀបចំការប្រកួតជើងឯកពិភពលោក ដោយចាប់ផ្តើមក្នុងយុគសម័យថ្មីសម្រាប់អ្នកដែលចូលចិត្តកង់ប្រភេទនេះទូទាំងពិភពលោក។
ទ្វីបអឺរ៉ុបបានធ្វើតាមការប្រណាំងជើងឯករបស់ខ្លួន ហើយឥឡូវនេះចក្រភពអង់គ្លេសកំពុងធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកអង់គ្លេសជាលើកទីពីរ ដោយបានបង្កើនចំនួនអ្នកចូលប្រកួតពីរដងធៀបនឹងឆ្នាំមុន។

សូមបញ្ជាក់ថា មានអ្នកជិះ ២០ នាក់ដែលបានចូលការប្រណាំងកាលពីថ្ងៃអាទិត្យ ខណៈឈ្នះការប្រណាំងផ្នែកបុរសគឺ Charlie Burrell ខណៈដែលអ្នកជិះកង់ប៊ែលហ្ស៊ិក ម្ចាស់ជើងឯកពិភពលោក Evi Dumon ជាអ្នកឈ្នះផ្នែកនារី៕ អត្ថបទ៖នាង សុភាវុធ




