ក្រុមអាជ្ញាធរនៅក្នុងរដ្ឋ កេរ៉េឡា (Kerala) ភាគខាងត្បូងនៃប្រទេសឥណ្ឌា បានបើកគ្រឹះស្ថានអប់រំជាច្រើន នៅក្នុងទីក្រុងដែលរងផលប៉ះពាល់ដោយមេរោគ Nipah ឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលជាង១០ថ្ងៃ កាលពីថ្ងៃចន្ទ (២៥ កញ្ញា)។
ស្ថាប័នអប់រំនៅក្នុងបរិវេណនៃតំបន់ ដែលប៉ះពាល់ដោយសារជំងឺឆ្លងនេះ នៅក្នុងស្រុក Kozhikode នៅតែមិនទាន់ដំណើរការ ហើយថ្នាក់សិក្សាតាមអនឡាញនៅតែបន្ត។

សាលារៀនទាំងនោះ ដែលបានបើកដំណើរការឡើងវិញ ត្រូវបានណែនាំឲ្យធានាថា សិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ ត្រូវពាក់ម៉ាស់ និងអនុវត្តតាមនីតិវិធីអនាម័យត្រឹមត្រូវ។
យ៉ាងហោចណាស់មានមនុស្សពីរនាក់បានស្លាប់ ដោយសារវីរុសនេះ ចាប់តាំងពីថ្ងៃទី៣០ ខែសីហា ដោយបង្ខំឱ្យក្រុមអាជ្ញាធរប្រកាសដាក់តំបន់ហាមឃាត់នៅក្នុងភូមិយ៉ាងហោចណាស់ចំនួនប្រាំពីរនៅក្នុងស្រុក Kozhikode ផងដែរ។
រដ្ឋ កេរ៉េឡា កំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងជាលើកទីបួនរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០១៨ នៃមេរោគដែលមិនមានវ៉ាក់សាំង ហើយដែលឆ្លងតាមរយៈការប៉ះពាល់ជាមួយសារធាតុរាវក្នុងខ្លួនរបស់សត្វប្រចៀវ ជ្រូក ឬមនុស្ស ដែលបានសម្លាប់មនុស្សរហូតដល់៧៥% នៃអ្នកឆ្លងសរុបទៀតផង៕

