ពាណិជ្ជកម្មឆ្លងព្រំដែនអាមេរិក-ម៉ិកស៊ិក បានធ្លាក់ចុះក្នុងសប្តាហ៍មុន ខណៈដែលអាជ្ញាធរអាមេរិកបានបិទច្រកឆ្លងកាត់និងដាក់ការត្រួតពិនិត្យសន្តិសុខបន្ថែម ចំពេលមានការកើនឡើងនៃជនអន្តោប្រវេសន៍ ដែលបង្កឲ្យមានការព្រួយបារម្ភ នៅក្នុងប្រទេសម៉ិកស៊ិក។

លោកម៉ានូអែល សូតេឡូ (Manuel Sotelo) ប្រធានសមាគមដឹកជញ្ជូន Ciudad Juarez ដែលជាមជ្ឈមណ្ឌលផលិតកម្មធំមួយ នៅទូទាំងទីក្រុងអែលប៉ាសូ (El Paso) រដ្ឋតិចសាស បាននិយាយថារថយន្តសណ្តោងប្រហែល ៨.000 គ្រឿងដែលផ្ទុកទំនិញមានតម្លៃប្រហែល មួយពាន់លានដុល្លារ ត្រូវជាប់គាំង នៅខាងប្រទេសម៉ិកស៊ិក កាលពីសប្តាហ៍មុន។
លោកសូតេឡូ បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនមួយចំនួន កំពុងបញ្ជូនទំនិញតាមច្រកចូលក្នុងរដ្ឋញូវម៉ិកស៊ីកូ ( New Mexico) និងរដ្ឋអារីហ្សូណា (Arizona) ដើម្បីជៀសវាងការរង់ចាំយូរនៅព្រំដែនរដ្ឋតិចសាស។
ការពន្យារពេលនេះ បានបង្ខំឲ្យក្រុមហ៊ុនផលិតរថយន្តជិះលើទឹកកក និងរថយន្តសម្រាប់ជិះឡើងភ្នំរបស់កាណាដា ផ្អាកការផលិត នៅថ្ងៃចន្ទ និងថ្ងៃអង្គារ នៅរោងចក្រចំនួនបីនៅទីក្រុង Ciudad Juarez ដែលមានបុគ្គលិកប្រហែល ៩.០០០នាក់។
