សារព័ត៌មាន Reuters បានរាយការណ៍ថា សហរដ្ឋអាមេរិក កំពុងពិចារណាបង្កើតខ្សែរទូរស័ព្ទទាន់ហេតុការណ៍ជាមួយចិនដើម្បីបញ្ជៀសវិបត្តិដែនអាកាសស្របពេលភាពតានតឹងកាន់តែធ្ងន់ធ្ងរ។

ប្រធានប្រតិបត្តិការដែនអាកាសលោកឧត្ដមសេនីយ៍ ឆានស៍ សាលស្មែន (Chance Saltzman) បានប្រាប់សារព័ត៌មាន Reuters កាលពីថ្ងៃចន្ទថា អាមេរិក បានរៀបចំពិភាក្សាផ្ទៃក្នុងអំពីការបង្កើតខ្សែទូរស័ព្ទទាន់ហេតុការណ៍(hotline)មួយដើម្បីកាត់បន្ថយវិបត្តិដែនអាកាស។ទោះយ៉ាងណា លោកបានគូសបញ្ជាក់ថាសហរដ្ឋអាមេរិក ពុំទាន់បានចូលរួមជាមួយចិន នៅឡើយទេចំពោះបញ្ហានេះ ។
ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន បានធ្លាក់ចុះដោយសារវិបត្តិជាច្រើន រួមទាំង ការប្រឈមដាក់គ្នាយ៉ាងខ្លាំងដោយយោធានៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ ឧបទ្ទវហេតុបាញ់ទម្លាក់បាឡុងចារកម្ម កាលពីខែកុម្ភៈកន្លងទៅ និងរបាយការណ៍ថ្មីៗដែលថា ចិន កំពុងតាមដានអាមេរិកពីប្រទេសគុយបារយៈពេលជាច្រើនឆ្នាំមកនេះ។
លោកនិយាយថា វិធានការដ៏សំខាន់ ក្នុងការបង្កើតប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីឆ្លើយតបទៅនឹងវិបត្តិដែនអាកាស គឺជាសញ្ញាមួយប្រទេស ទាំង២អាចបើកចំហឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀតនាពេលអនាគត។
លោកបានប្រាប់សារព័ត៌មាន Reuters ការប្រាស្រ័យទាក់ទងគ្នាកាន់តែច្រើនជាមួយបណ្តាប្រទេសដូចជាប្រទេសជប៉ុននឹងរារាំងប្រទេសចិន ក៏ដូចជាប្រឆាំងនឹង "សកម្មភាពបង្កហេតុផ្សេងៗ" ដូចជាការរារាំងសញ្ញារបស់ផ្កាយរណបជាដើម៕
