ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទថា កងកម្លាំងសហរដ្ឋអាមេរិក បានចាប់ខ្លួនមន្ត្រីរដ្ឋឥស្លាមម្នាក់ ក្នុងអំឡុងពេលការវាយឆ្មក់ដោយឧទ្ធម្ភាគចក្រ នៅប្រទេសស៊ីរីភាគខាងជើងកាលពីចុងសប្តាហ៍។

កងទ័ពអាមេរិក«បានធ្វើការវាយដោយជោគជ័យដោយប្រើឧទ្ធម្ភាគចក្រ កាលពីថ្ងៃសៅរ៍ ដោយបានចាប់ខ្លួន អាប៊ូ ហាលីល អាល់ហ្វាដ អានី ( Abu Halil al-Fad'ani) ដែលជាមន្ត្រីប្រតិបត្តិការ និងសម្របសម្រួលISISស៊ីរី បានវាយតម្លៃថា មានទំនាក់ទំនងតាមរយៈបណ្តាញ ISIS ក្នុងតំបន់នេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ទីបញ្ជាការ CENTCOM។
អ្នកនាំពាក្យ CENTCOM លោក វរសេនីយ៍ទោ ត្រូយ ហ្គាឡុក (Troy Garlock) បាននិយាយនៅក្នុងការចេញផ្សាយព័ត៌មានថា៖«ការចាប់ខ្លួនមន្ត្រី ISIS ដូចជា អាល់ហ្វាដ អានី បង្កើនសមត្ថភាពរបស់យើងក្នុងការកំណត់ទីតាំង កំណត់គោលដៅ និងបោសសម្អាតក្រុមភេរវករចេញពីសមរភូមិ។
យោធាអាមេរិកអះអាងថា ពុំមានជនស៊ីវិលណាម្នាក់ ស្លាប់ ឬរងរបួស ក្នុងអំឡុងប្រតិបត្តិការនេះទេ។
ទីក្រុងវ៉ាស៊ីនតោន រក្សាទុកទាហានប្រហែល ៩០០នាក់ នៅប្រទេសស៊ីរីភាគឦសាន ដើម្បីទប់ស្កាត់ក្រុមISIS មិនឲ្យកើតឡើងវិញ និងដើម្បីជួយកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយជនជាតិឃើដ នៅក្នុងកិច្ចខិតខំប្រឹងប្រែងនោះ។
