មន្ត្រីគយទីក្រុងហុងកុង បានចាប់ខ្លួនមនុស្ស ៦ នាក់ ពីបទប៉ុនប៉ងដោយខុសច្បាប់រត់ពន្ធអាហារសមុទ្រជប៉ុនចូលទៅកាន់ប្រទេសចិនដីគោក។

ក្រុមមន្ត្រី កាលពីថ្ងៃសុក្រសប្តាហ៍មុន រឹបអូសបានទូកនេសាទមួយគ្រឿង ហើយចាប់ខ្លួនប្រធានក្រុម និងមនុស្ស ៥ នាក់ផ្សេងទៀត។ ប្រទេសចិនបានដាក់ចូលជាធរមានផ្អាកការនាំចូលអាហារសមុទ្ររបស់ប្រទេសជប៉ុន ចាប់តាំងពីថ្ងៃទី ២៤ ខែសីហា នៅពេលដែលការបញ្ចេញទឹកសំណល់ដែលបានធ្វើប្រព្រឹត្តកម្ម និងពង្រាវរួចពីរោងចក្រនុយក្លេអ៊ែរ Fukushima ចូលទៅក្នុងមហាសមុទ្របានចាប់ផ្តើម។ ទន្ទឹមនឹងនេះ ទីក្រុងហុងកុង មានប្រព័ន្ធត្រួតពិនិត្យការនាំចេញ និងនាំចូលរបស់ខ្លួន ហើយអនុញ្ញាតឱ្យមានការនាំចូលពីខេត្តជាច្រើនរបស់ប្រទេសជប៉ុនក្រៅពីខេត្ត Fukushima និងខេត្តចំនួន៩ផ្សេងទៀត។
មន្ត្រីគយ បាននិយាយថា ទំនិញនៅលើនាវានោះ រួមមានអាហារសមុទ្រ បន្លែ និងផ្លែឈើរបស់ជប៉ុន ព្រមទាំងទំនិញមកពីប្រទេសឥណ្ឌា។ ពួកគេបាននិយាយថា ទំនិញទាំងនោះមានតម្លៃប្រហែលបួនលានដុល្លារហុងកុង ឬជាង ៥០ ម៉ឺនដុល្លារអាមេរិក។
មន្ត្រីគយ មិនបានផ្តល់ព័ត៌មានលម្អិតអំពីទីកន្លែង និងពេលវេលាដែលចាប់បានអាហារសមុទ្រជប៉ុន ហើយការចាប់បានមកដល់ដីគោកនៅពេលណានោះទេ។
