នៅមុនការបោះឆ្នោតរបស់ប្រទេសប៉ូឡូញ នៅថ្ងៃទី១៥ ខែតុលា ខាងមុខនេះ គណបក្សច្បាប់ និងយុត្តិធម៌ (PiS) ដែលកំពុងកាន់អំណាច និងគូប្រជែងរបស់ខ្លួន កំពុងប្រជែងគ្នាដើម្បីយកឈ្នះគ្នាទៅវិញទៅមក ជាមួយនឹងការសន្យានៃការចំណាយដ៏សប្បុរស។
ប៉ុន្តែអ្នកណាក៏ដោយដែលឈ្នះការបោះឆ្នោតនោះ នឹងត្រូវជ្រើសរើសគោលនយោបាយ ដែលប្រថុយប្រថាននឹងអតិផរណាក្នុងប្រទេស និងធ្វើឱ្យថវិការដ្ឋមានភាពតានតឹងផងដែរ។

សេដ្ឋកិច្ចរបស់ប្រទេសប៉ូឡូញ ដែលជាប្រទេសធំជាងគេក្នុងចំណោមអតីតកុម្មុយនិស្ត ដែលបានចូលរួមជាមួយសហភាពអឺរ៉ុប ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ-១៩ មក មានការកើនឡើងរយៈពេលពីរឆ្នាំនៃការវិនិយោគបរទេស ដោយសារក្រុមហ៊ុនទាញយកអត្ថប្រយោជន៍ពីកម្លាំងពលកម្មជំនាញ ប៉ុន្តែនៅតែមានតម្លៃថោក។
ទោះជាយ៉ាងនេះក្ដី ទីភ្នាក់ងារវាយតម្លៃឥណទាន និងក្រុមអ្នកវិភាគជឿថា ការសន្យានៃការចំណាយសង្គមខ្ពស់ នឹងពិបាកនឹងត្រលប់មកវិញណាស់ ដោយបង្កើនសំណួរកាន់តែស៊ីជម្រៅអំពីវិបត្តិហិរញ្ញវត្ថុសាធារណៈក្នុងប្រទេសមួយនេះបន្ថែមទៀត។
ហើយការប្រញាប់ប្រញាល់របស់ធនាគារជាតិនៃប្រទេសប៉ូឡូញ ក្នុងការកាត់បន្ថយអត្រាការប្រាក់ចម្បងរបស់ខ្លួន ចំនួន០,៧៥ភាគរយ ច្រើនជាងការរំពឹងទុកមុនការបោះឆ្នោត បានធ្វើឱ្យមានការព្រួយបារម្ភថា ធនាគារផ្តោតសំខាន់លើកំណើនសេដ្ឋកិច្ច ជាជាងសម្ពាធអតិផរណានៅក្នុងប្រទេស៕
