កាលពីថ្ងៃចន្ទ (២៥ កញ្ញា) កូសូវ៉ូបានអំពាវនាវដល់ប្រទេសស៊ែរប៊ី ឱ្យប្រគល់អ្នកដែលជាប់ពាក់ព័ន្ធក្នុងការបាញ់ប្រហាររវាងនគរបាលកូសូវ៉ូ និងខ្មាន់កាំភ្លើងជនជាតិស៊ែរប៊ីទាំងអស់ ដែលបានសម្លាប់មនុស្សចំនួន៤នាក់ នៅភាគខាងជើងនៃប្រទេសដែលមានជម្លោះ ដោយធ្វើឱ្យភាពតានតឹងរវាងរដ្ឋធានី Pristina របស់កូសូវ៉ូ និងរដ្ឋធានី Belgrade របស់ស៊ែរប៊ី កាន់តែធ្ងន់ធ្ងរឡើង។
ក្រុមអាជ្ញាធរកូសូវ៉ូ បាននិយាយថា ខ្មាន់កាំភ្លើងមួយចំនួនត្រូវបានគេជឿថា បានរត់គេចខ្លួនទៅកាន់ប្រទេសស៊ែរប៊ី។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូសូវ៉ូ លោក Xhelal Svecla បាននិយាយថា សមាជិកក្រុមប្រដាប់អាវុធចំនួនប្រាំមួយនាក់ដែលរងរបួស ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុង Novi Pazar ភាគខាងត្បូងប្រទេសស៊ែរប៊ី ក្បែរព្រំដែនភាគខាងជើងនៃប្រទេសកូសូវ៉ូ។
លោក Svecla បាននិយាយនៅក្នុងទីក្រុង Mitrovica ជាទីដែលនគរបាលកូសូវ៉ូ បង្ហាញអ្នកយកព័ត៌មានជុំវិញរថយន្ត SUV ចំនួន២០គ្រឿង និងរថយន្តពាសដែក ដែលពួកគេនិយាយថា ត្រូវបានប្រើប្រាស់ដោយខ្មាន់កាំភ្លើងផងដែរ។ យានជំនិះចំនួន៣គ្រឿង ក្នុងចំណោមនោះ មានស្លាកសញ្ញាកងកម្លាំង KFOR ដែលជាបេសកកម្មរក្សាសន្តិភាពណាតូ នៅប្រទេសកូសូវ៉ូផងដែរ។
នគរបាលក៏បានបង្ហាញអាវុធ និងគ្រាប់រំសេវជាច្រើន ដែលពួកគេបាននិយាយថា ត្រូវបានរឹបអូស រួមមាន កាំភ្លើងវាយប្រហាររបស់អតីតកងទ័ពយូហ្គោស្លាវី កាំភ្លើងយន្ត កាំភ្លើងលបបាញ់ កាំភ្លើងត្បាល់ គ្រាប់រ៉ុកែតប្រឆាំងរថក្រោះ គ្រាប់បែកដៃ គ្រាប់មីន និងយានដ្រូនផងដែរ៕
