ការប្រកួតដែលបានផ្អាករវាង Ajax និង Feyenoord នឹងត្រូវប្រកួតបង្ហើយពីនាទីទី ៥៦ នៅថ្ងៃពុធស្អែកនេះ នេះបើតាមសេចក្តីប្រកាសរបស់សហព័ន្ធកីឡាបាល់ទាត់ហូឡង់ KNVB។
KNVB បានបញ្ជាក់ទៀតថា ជំនួបបង្ហើយនេះគឺជាការប្រកួតបិទទ្វាមិនអនុញ្ញាតឱ្យមានអ្នកគាំទ្រចូលទស្សនាឡើយ។

ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលហូឡង់ ជំនួបធំរបស់ក្លិបយក្សទាំងពីរ Ajax Amsterdam ទទួលស្វាគមន៍ក្រុមភ្ញៀវ Feyenoord ត្រូវបានផ្អាកត្រឹមនាទីទី ៥៦ ក្រោយអ្នកគាំទ្រក្រុមម្ចាស់ផ្ទះចោលកាំជ្រួចផ្សែងមកលើទីលាន។
ក្រុមភ្ញៀវ Feyenoord បាននាំមុខដល់ទៅ ៣-០ ទៅហើយនៅកីឡដ្ឋាន Johan Cruyff Arena មុនពេលការប្រកួតត្រូវបានផ្អាកមិនអាចបន្តបាន ពោលគឺមុននេះក៏មានការផ្អាកពីរលើកដែរ។

ក្រោយការប្រកួតត្រូវបានផ្អាក ក៏មិនស្ងប់ស្ងាត់ដែរ អ្នកគាំទ្របានព្យាយាមរត់ចូលទីលាន មុនពេលអាជ្ញាធរមានសមត្ថកិច្ចប្រើឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកគាំទ្របង្កភាពចលាចលនៅខាងក្រៅកីឡដ្ឋាន។
សូមបញ្ជាក់ថា ការមិនពេញចិត្តរបស់អ្នកគាំទ្រ Ajax គឺបន្ទាប់ពីក្រមជើងឯកលីគកំពូលហូឡង់ ៣៦ សម័យមួយនេះ ឈ្នះតែ ១ ប្រកួតគត់ក្រោយលេងបាន ៤ ប្រកួតរដូវកាលថ្មីនេះ ខណៈកំពុងឈរលេខ ១៣ ពីលើតំបន់គ្រោះថ្នាក់តែ ២ ពិន្ទុប៉ុណ្ណោះ។
Ajax បញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ ៣ ខកខានមិនបានលេងនៅក្របខណ្ឌអឺរ៉ុប UEFA Champions League លើកដំបូងក្នុងរយៈពេល ១៣ រដូវកាលចុងក្រោយស្របពេល Feyenoord គឺជាជើងឯក៕ អត្ថបទ៖នាង សុភាវុធ
