ការប្រកួតវិញ្ញាសាបាល់ទាត់នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ី Asian Games លើកទី ១៩ នៅទីក្រុងហាន់ចូវ ប្រទេសចិន បានបិទបញ្ចប់វគ្គវិលជុំក្នុងពូលហើយ និងរកបានក្រុមឡើងវគ្គ ១៦ ក្រុមចុងក្រោយ។
ទស្សនាការប្រកួតនៅក្នុងពូល D ជប៉ុនបានបន្តជ័យជំនះរបស់ខ្លួនក្នុងពូលដែលមានតែ ៣ ក្រុមដោយយកឈ្នះ ប៉ាឡេស្ទីន ១-០ ដែលជាជ័យជំនះពីរប្រកួតផ្ទួនៗ។
មួយគ្រាប់ជ័យជំនះរបស់ជប៉ុនធ្វើបានដោយ Teppei Yachida នៅនាទីទី ២២ គ្រប់គ្រាន់សម្រាប់ជប៉ុន ដើម្បីទទួលបាន ៣ ពិន្ទុបន្ថែមមានសរុប ៦ ពិន្ទុពេញឡើងវគ្គ ១៦ ក្រុមចុងក្រោយ។
សូមបញ្ជាក់ថាពូល D នេះបានឡើងវគ្គបន្តទាំងអស់ ពោលគឺប៉ាឡេស្ទីនមាន ១ ពិន្ទុជាក្រុមលេខ ២ ខណៈលេខ ៣ កាតាមាន ១ ពិន្ទុដែរបានឡើងវគ្គបន្តដោយសារស្ថិតក្នុងចំណោមក្រុមលេខ ៣ ល្អបំផុត។
វគ្គ ១៦ ក្រុមចុងក្រោយជប៉ុនឡើងជួបមីយ៉ាន់ម៉ា កាតាជួបម្ចាស់ផ្ទះចិន និងប៉ាឡេស្ទីនជួបហុងកុង ខណៈគូដែលត្រូវជួបគ្នានៅវគ្គបន្តផ្សេងទៀតរួមមាន អ៊ីរ៉ង់ជួបថៃ កូរ៉េជួបគីជីស្ថាន កូរ៉េខាងជើងជួបបារ៉ែន ឥណ្ឌាជួបអារ៉ាប៊ីសាអ៊ូឌីត និង អ៊ូសប៊ែគីស្ថានជួបឥណ្ឌូនេស៊ី៕ អត្ថបទ៖នាង សុភាវុធ
