សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ គ្រាដែលឯកឧត្តម វ៉ា ស៊ិនភីរម្យ ប្រធានស្តីទីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានព្រមានមិនឲ្យគណៈគ្រប់គ្រងវគ្គ ចេញវិញ្ញាបនបត្រជូនសិក្ខាកាមណា ដែលមករៀនមិនទៀងទាត់ ឬឈប់ដោយគ្មានមូលហេតុត្រឹមត្រូវនោះទេ ។

ប្រធានសហព័ន្ធស្ដីទីសដែល បានចាត់ទុកវគ្គនេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ធនធានមន្ដ្រីបច្ចេកទេសបន្ដវេន ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ពង្រឹងគុណភាព សមត្ថភាពមន្ត្រីបច្ចេកទេសគ្រប់គ្រងការប្រកួត ឲ្យស្របតាមនិយាមបច្ចេកទេសត្រឹមត្រូវតាមបទដ្ឋានជាតិ និងអន្តរជាតិ និងស្របតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍកីឡាប្រដាល់គុនខ្មែរកាន់តែរីកចម្រើន ។

តាមរយៈនេះ ឯកឧត្តម វ៉ា ស៊ិនភីរម្យ បានសំណូមពរដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រជាមួយគ្រូឧទ្ទេសជំនាញ ពិសេសហាមអវត្តមានជាដាច់ខាត កំឡុងការសិក្សារយៈពេល ៥ថ្ងៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការបង្រៀន និងទទួលចំណេះដឹង ។ ចំពោះសិក្ខាកាមណា អវត្តមាន ឬមករៀនមិនទៀងទាត់ ឯកឧត្តមលើកទឹកចិត្តឲ្យគណៈគ្រប់គ្រងវគ្គ មិនរៀបចំវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនឡើយ ។
លោក ទុយ ប៊ុនហឿន អគ្គលេខាធិការរងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាល ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡានេះ គឺមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានសិក្ខាកាមចូលរួមសរុប ៣៥នាក់ ក្នុងនោះក៏មានសិក្ខាកាមជាស្ដ្រីចូលរួមផងដែរ៕ អត្ថបទ លី ឈុនឡា



