កីឡាការិនីបាល់ទាត់ឆ្នើមអាមេរិក Megan Rapinoe បានឈានមកដល់ពេលវេលាចូលនិវត្តន៍ពីក្រុមជម្រើសជាតិហើយ ក្រោយចូលលេងការប្រកួតចុងក្រោយឱ្យក្រុមនារីអាមេរិកយកឈ្នះអាហ្វ្រិកខាងត្បូង ២-០ នៅទីក្រុង Chicago។

មុន World Cup 2023 កីឡាការិនីវ័យ ៣៨ ឆ្នាំរូបនេះធ្លាប់បានប្រាប់ពីគំរោងចូលនិវត្តន៍របស់ខ្លួនក្រោយចប់រដូវកាលនៃក្របខណ្ឌលីគបាល់ទាត់នារីអាមេរិក។
ម្ចាស់ជយលាភី World Cup ២ សម័យជាមួយក្រុមអាមេរិក Megan Rapinoe នឹងចូលនិវត្តន៍ជាមួយក្លិបបាល់ទាត់ OL Reign នៅក្របខណ្ឌ NWSL អាមេរិកដែលនឹងបញ្ចប់រដូវកាលនៅថ្ងៃទី ១១ ខែវិច្ឆិកាចុងឆ្នាំនេះ។
កាលពីឆ្នាំ ២០១៩ Megan Rapinoe ត្រូវបានបោះឆ្នោតជាកីឡាការិនីឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA ឈ្នះស្បែកជើងមាស និងបាល់មាស មុនឈានដល់ Ballon d’Or។

គិតមកដល់ពេលនេះ Megan Rapinoe បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាមេរិកសរុប ២០៣ លើករកបាន ៦៣ គ្រាប់ តាំងពីចូលប្រកួតដំបូងនៅឆ្នាំ ២០០៦ ក្នុងជំនួបមិត្តភាពទល់នឹងអៀកឡង់ និងបានជួយក្រុមអាមេរិកឈ្នះជើងឯកពិភពលោក ២ សម័យនៅឆ្នាំ ២០១៥ និង ២០១៩។
Megan Rapinoe ថែមទាំងឈ្នះមេដាយមាសអូឡាំពិក ២០១២ នៅទីក្រុងឡុងដ៍ផងដែរ។

ជាមួយក្លិបអាជីព Rapinoe ចាប់ផ្តើមអាជីពនៅឆ្នាំ ២០០២ ជាមួយក្រុមបាល់ទាត់នារី Elk Grove Pride នៅក្របខណ្ឌ Women’s Premier Soccer League មុនពេលចំណាយពេលនៅទឹកដីអូស្រ្តាលី និង បារាំង ហើយត្រលប់មកអាមេរិកវិញជាមួយក្លិប Seattle Reign រឺឈ្មោះ OL Reign នាពេលបច្ចុប្បន្ន ឈ្នះជើងឯកលីគ ៣ លើក និងខាប់មួយលើក៕ អត្ថបទ៖នាង សុភាវុធ
