ស៊ែបៃហ្សង់ ៖ មនុស្សយ៉ាងហោចណាស់២០នាក់បានស្លាប់ និងមនុស្សជិត៣០០នាក់ បានរងរបួសក្នុងការផ្ទុះដ៏ខ្លាំងក្លាមួយនៅឃ្លាំងស្តុកឥន្ធនៈក្នុងតំបន់ណាហ្គ័រណូ-ការ៉ាបាក់ ខណៈដែលជនជាតិអាមេនីរាប់ពាន់នាក់ បានសម្រុកចេញពីទឹកដីបំបែកខ្លួនមួយនេះ បន្ទាប់ពីយោធាអាស៊ែបៃហ្សង់ ដណ្តើមបានការគ្រប់គ្រងពេញលេញរបស់ខ្លួនឡើងវិញ នៅក្នុងការវាយលុកកាលពីសប្ដាហ៍មុន។
ក្រុមអាជ្ញាធរអាមេនីក្នុងតំបន់បាននិយាយថា មនុស្សចំនួន២៩០នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយមនុស្សរាប់សិបនាក់ក្នុងចំណោមអ្នករបួសទាំងនោះនៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីការបំផ្ទុះនៅទីតាំងក្បែររដ្ឋធានី Stepanakert ក្នុងតំបន់នេះ កាលពីល្ងាចថ្ងៃចន្ទ ហើយមូលហេតុនៃការផ្ទុះនេះ នៅមិនទាន់ដឹងនៅឡើយទេ។
សារព័ត៌មាន រ៉យទ័រ បានកំណត់ទីតាំងអគ្គិសភ័យ ដែលជាតំបន់ Berkadzor ចម្ងាយប្រហែល៦គីឡូម៉ែត្រ នៅខាងក្រៅទីក្រុង Stepanakert ប៉ុន្តែមិនអាចផ្ទៀងផ្ទាត់ពេលវេលាបានទេ។
យោងតាមអាជ្ញាធរបំបែកខ្លួនរបស់តំបន់ណាហ្គ័រណូ-ការ៉ាបាក់ បានឲ្យដឹងថា មនុស្សរាប់សិបនាក់ បានតម្រង់ជួរនៅកន្លែងដែលការផ្ទុះបានកើតឡើងនោះ ព្រោះតែពួកគេកំពុងទិញប្រេងឥន្ធនៈ ដោយសារភាពខ្វះខាតក្នុងអំឡុងពេលការបិទផ្លូវរយៈពេល១០ខែ ដោយអាស៊ែបៃហ្សង់ ដែលបាននាំឱ្យមានការខ្វះខាតស្បៀងអាហារ និងទឹកនៅក្នុងតំបន់នេះផងដែរ៕

