ភ្នំពេញ ៖ ឧកញ៉ាបណ្ឌិត ត្រាំង លី អនុប្រធានក្រុមការងារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (ក្រុម២) នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (និស្សិត អ.ម.ត) សិក្សាជំនាញនីតិសាស្ត្រ ចំនួន១០០រូប ទស្សនកិច្ចសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តមបណ្ឌិតរដ្ឋ ឈន ព្រលឹង ប្រធានបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
គួរបញ្ជាក់ផងដែរថា៖ បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈលើវិជ្ជាជីវៈតុលាការ វិជ្ជាជីវៈច្បាប់ និងជំនាញផ្សេងៗក្នុងវិស័យច្បាប់ និងយុត្តិធម៌ នៅកម្ពុជា។ ក្នុងការរៀបចំដំណើរទស្សនកិច្ចសិក្សានេះ គឺធ្វើឡើងក្នុងគោលបំណងពង្រឹងចំណេះដឹងបន្ថែម ក៏ដូចជាផ្តល់ឱកាសដល់និស្សិត អ.ម.ត ក្នុងការត្រៀមខ្លួនប្រឡងចូលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងវិស័យផ្សេងៗ ស្របតាមជំនាញដែលកំពុងសិក្សា។ កម្មវិធីដំណើរទស្សនកិច្ចសិក្សាខាងលើនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងមានធ្វើបទឧទ្ទេសនាម ដល់និស្សិត អ.ម.ត អំពីតួនាទី ភារកិច្ច របស់ជំនាញវិជ្ជាជីវៈ នីមួយៗ និងការត្រៀមខ្លួនប្រឡងប្រជែង ពីវាគ្មិន ០៥រូប៖
-ឯកឧត្តម ហេង សុខណា នាយកសាលាភូមិន្ទចៅក្រម និងព្រះរាជអាជ្ញា
-ឯកឧត្តម ខាំ សុមករា នាយកសាលាភូមិន្ទអាជ្ញាសាលា
-ឯកឧត្តម អ៊ិន បូផា នាយកសាលាភូមិន្ទក្រឡាបញ្ជី
-ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ នាយកសាលាភូមិន្ទសារការី
-លោក ហម ភីរម្យ អគ្គលេខាធិការរង នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា
-លោកស្រី ឈួន មរកត នាយករងសាលាច្បាប់។
អត្ថបទ រដ្ឋា






