
រដ្ឋមន្ត្រីការបរទេសស្រីលង្កា លោក Ali Sabry បានថ្កោលទោសប្រទេសកាណាដា កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) ហើយបាននិយាយថា ពួកភេរវករបាន និងកំពុងរកឃើញជម្រកដ៏សុខសាន្តសម្រាប់ពួកគេ នៅក្នុងប្រទេសនេះ។
លោក Sabry បានធ្វើអត្ថាធិប្បាយបែបនេះ អំឡុងពេលនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោកបាននិយាយថា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau យក «វិធីនេះ ដើម្បីគ្រាន់តែធ្វើការចោទប្រកាន់យ៉ាងហួសហេតុដោយគ្មានភ័ស្តុតាងគាំទ្រណាមួយនោះឡើយ»។
សូមរំលឹកថា លោក Trudeau បាននិយាយកាលពីសប្តាហ៍មុនថា ប្រទេសកាណាដាកំពុងតាមដាន «ការចោទប្រកាន់ដ៏គួរឱ្យទុកចិត្តបាន» ដែលថា ភ្នាក់ងាររដ្ឋាភិបាលឥណ្ឌាអាចជាប់ពាក់ព័ន្ធនឹងការស្លាប់របស់លោក Hardeep Singh Nijjar ដែលត្រូវបានបាញ់សម្លាប់នៅខាងក្រៅវិហារសាសនា Sikh កាលពីថ្ងៃទី១៨ ខែមិថុនា នៅទីក្រុង Surrey ជាយក្រុង Vancouver ជាទីកន្លែង ដែលមានប្រជាជនអ្នកកាន់សាសនា Sikh រស់នៅ។
លោក Sabry បានបន្ថែមថា នេះមិនមែនជាលើកទី១ នោះទេ ដែលកាណាដាបានធ្វើការអះអាងបែបនេះប្រឆាំងនឹងប្រទេសផ្សេងទៀត ដោយគ្មានភ័ស្តុតាងជាក់លាក់ ដ្បិតសូម្បីតែប្រទេសស្រីលង្កា ក៏ត្រូវបានទីក្រុង Ottawa ចោទប្រកាន់ពីបទប្រល័យពូជសាសន៍ កាលពីដើមឆ្នាំនេះដែរ៕