
ការិយាល័យព្រះរាជអាជ្ញាអេស្ប៉ាញ បានឲ្យដឹង កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) ថា ខ្លួននឹងស៊ើបអង្កេតថា តើរូបភាព ដែលបង្កើតដោយបញ្ញាសិប្បនិម្មិត (AI) ពីក្មេងស្រីវ័យជំទង់អាក្រាតកាយ ដែលត្រូវបានចោទប្រកាន់ថា ត្រូវបានបង្កើតឡើង និងចែករំលែកដោយមិត្តភក្ដិរបស់ជនខិលខូច នៅភាគនិរតីនៃប្រទេសអេស្ប៉ាញ គឺជាបទឧក្រិដ្ឋ ឬយ៉ាងណា។
ព្រះរាជអាជ្ញារបស់ប្រទេសនេះ ទទួលបានឯកសារនគរបាល ដែលមាន ២០០ទំព័រជាមួយនឹងពាក្យបណ្តឹងប្រហែល ២០ករនី ពីក្រុមគ្រួសារដែលបរិហារថា រូបភាពក្លែងក្លាយរបស់កូនស្រីពួកគេ ដែលបង្កើតដោយកម្មវិធី AI ត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបន្ទប់ជជែកកំសាន្ត ដែលប្រើប្រាស់ដោយក្រុមក្មេងជំទង់នៅ Almendralejo ដែលជាទីក្រុងនៃប្រជាជនចំនួន ៣០.០០០នាក់ ក្នុងតំបន់ Extremadura។
លោកស្រី Miriam al-Adib ដែលជាម្តាយរបស់ជនរងគ្រោះម្នាក់ បាននិយាយ នៅថ្ងៃចន្ទនោះថា ការផ្សព្វផ្សាយរូបភាពក្លែងក្លាយរបស់កូនស្រីគាត់នៅលើកម្មវិធីផ្ញើសារ WhatsApp បានធ្វើឡើងតាំងពីខែកក្កដាមកម្ល៉េះ។
ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាបែបនេះរបស់ក្រុមកុមារ បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងទូលំទូលាយ ក្នុងចំណោមឪពុកម្តាយនៅទូទាំងពិភពលោក។ ថ្មីៗនេះ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក បានព្រមានថា ឧក្រិដ្ឋជនកំពុងប្រើប្រាស់ AI កាន់តែខ្លាំងឡើង ដើម្បីបង្កើតរូបភាពអាសអាភាស ក្នុងគោលបំនងបំភិតបំភ័យ និងជំរិតទារប្រាក់ពីជនរងគ្រោះ៕