មន្ត្រីនគរបាល បាននិយាយថា នគរបាលបានហាមឃាត់ការប្រមូលផ្តុំគ្នា នៅថ្ងៃអង្គារនេះ នៅមជ្ឈមណ្ឌលបច្ចេកវិទ្យាទីក្រុង Bengaluru ភាគខាងត្បូងប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់អំពើហិង្សាដោយក្រុមអ្នកតវ៉ា ដែលប្រឆាំងការបែងចែងទឹកទន្លេជាមួយរដ្ឋនៅជិតខាង។ យោងតាមកំណត់ហេតុផ្ទៃក្នុង ដែលបានឃើញដោយសារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា ក្រុមរបស់កសិករ បានអំពាវនាវឲ្យមានការតវ៉ា ដែលបានបង្ខំឲ្យក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើន ដូចជាក្រុមហ៊ុន Walmart និង Alphabet's Google ឲ្យប្រាប់បុគ្គលិកនៅក្នុងទីក្រុងធ្វើការពីផ្ទះ។
ប៉ុស្តិ៍ព័ត៌មានក្នុងស្រុក បាននិយាយនៅថ្ងៃអង្គារនេះថា កសិករម្នាក់ បានរងរបួស នៅឧទ្យានសេរីភាព ជាទីតាំងមួយនៃការតវ៉ា ហើយអ្នកផ្សេងៗទៀតត្រូវបាននគរបាលឃុំខ្លួន។ សាលារៀន និងមហាវិទ្យាល័យ ត្រូវបានបិទ ខណៈការដឹកជញ្ចូនសាធារណៈ លើកលែងតែសេវាផ្លូវរថភ្លើងក្រោមដី នៅតែផ្អាកប្រតិបត្តិការនៅក្នុងរដ្ឋ Karnataka ភាគខាងត្បូងប្រទេសឥណ្ឌា។ ការធ្វើបាតុកម្មជាច្រើន គឺជាផ្នែកនៃការព្រួយបារម្ភដឹកនាំដោយក្រុមកសិករ និងអ្នកនយោបាយមកពីរដ្ឋ Karnataka និងរដ្ឋ Tamil Nadu ដែលនៅជិតខាង ដែលបានជាប់គាំងជាច្រើនទសវត្សរ៍មកហើយ ក្នុងជម្លោះផ្លូវច្បាប់ ជុំវិញការបែងចែកទឹកពីទន្លេ Cauvery ។
កាលពីពេលថ្មីៗនេះ តុលាការកំពូលបានបង្គាប់ឲ្យអាជ្ញាធរគ្រប់គ្រងទឹកទន្លេ Cauvery ឲ្យរដ្ឋ Karnataka បញ្ចេញទឹក១៤២.០០០លីត្រ ទៅកាន់រដ្ឋ Tamil Nadu រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ខែកញ្ញា។ ទោះជាយ៉ាងណា រដ្ឋាភិបាលរដ្ឋ Karnataka បាននិយាយថា ខ្លួនមិនអាចធ្វើដូច្នេះបាននោះទេ ខណៈរដ្ឋនេះត្រូវបំពេញតម្រូវការរបស់ខ្លួនសម្រាប់ទឹកទទួលទាន និងការស្រោចស្រព។
ជំហររបស់រដ្ឋ Tamil Nadu គឺថា ទន្លេCauvery គឺជាធនធានរួមគ្នាហើយកសិកររបស់ខ្លួន ត្រូវការទឹក សម្រាប់ការស្រោចស្រព។