
សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានប្រកាសថា រកឃើញពលរដ្ឋចំនួន ០៣នាក់បន្ថែមទៀតបានឆ្លងមេរោគកូវីដ-១៩នៅថ្ងៃនេះ ក្នុងនោះ មានពលរដ្ឋខ្មែរ ២នាក់ដែលទើបត្រឡប់មកពីប្រទេសថៃផងដែរ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ រដ្ឋបាលខេត្តសៀមរាបបានបញ្ជាក់ថា ស្ត្រីម្នាក់អាយុ ៣២ឆ្នាំ ដែលមានអាសយដ្ឋាននៅស្រុកក្រឡាញ់ និងម្នាក់ទៀតមានលំនៅឋាននៅស្រុកពួក ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩នៅថ្ងៃនេះ បន្ទាប់ពីពួកគេវិលត្រឡប់មកពីប្រទេសថៃ។
ចំណែកឯបុរសម្នាក់ទៀតអាយុ ៤៣ឆ្នាំ ដែលជាអ្នកភូមិទៅពីស្រុកស្ទោង ខេត្តកំពង់ធំនោះ ក៏ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ផងដែរ។
ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តសៀមរាបក៏បានប្រកាសផងដែរថា អ្នកជំងឺកូវីដ-១៩ម្នាក់ទៀតជាស្ត្រីអាយុ ២៨ឆ្នាំ ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញហើយនៅថ្ងៃនេះ បន្ទាប់ពីត្រូវបានព្យាបាលជាសះស្បើយ។
គិតត្រឹមថ្ងៃនេះ ខេត្តសៀមរាបរកឃើញមនុស្ស ១២១នាក់បានឆ្លងកូវីដ-១៩នៅក្នុងខេត្តនេះ ក្នុងនោះអ្នកជំងឺកូវីដ-១៩ចំនួន ២នាក់បានស្លាប់បាត់បង់ជីវិត ហើយអ្នកជំងឺចំនួន ៦៧នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ ខណៈអ្នកជំងឺចំនួន ៥៣នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្តនៅឡើយ៕