
ក្រុមអ្នកវិទ្យាសាស្រ្ត បានប្រទះឃើញត្រីមឹកធំ Dumbo អំឡុងមុជទឹកស្រាវជ្រាវក្រោមបាតមហាសមុទ្រជ្រៅៗ ដោយយានប្រតិបត្តិការបញ្ជាពីចម្ងាយកាលពីថ្ងៃទី ១៣ ខែកញ្ញាកន្លងទៅ ។
ក្រុមអ្នកស្រាវជ្រាវមកពីអង្គការទំនុកចិត្តរុករកមហាសមុទ្រ(OET) បានរុករកបាតមហាសមុទ្រជម្រៅ ១.៦៨២ម៉ែត្រលើភ្នំបាតសមុទ្រគ្មានឈ្មោះ ស្ថិតនៅតំបន់វិមានជាតិសមុទ្រ Papahanaumokuakea នៅភាគពាយ័ព្យកោះហាវ៉ៃ នៅពេលភ្លាមៗនោះ សត្វត្រីមឹកធំ បានហែលសំកាំងខ្លួនឆ្លងកាត់មុខកាមេរ៉ា យានរុករក EV Nautilus ។
សត្វសមុទ្រដ៏កម្រមួយនេះ ត្រូវបានដាក់ឈ្មោះបែបនេះ ដោយសារតែព្រុយបក់របស់វានៅលើផ្នែកនៃក្បាលរបស់វា ដែលមើលទៅដូចតួអង្គដ៏ល្បីក្នុងរឿងគំនូរជីវចល Disney ។
សូមបញ្ជាក់ថា ត្រីមឹកធំ Dumbo ត្រូវបានគេដឹងថាជម្រករបស់វានៅតាមបាតមហាសមុទ្រជ្រៅបំផុត និងមានអាយុកាលជាមធ្យមចាប់ពី ៣ឆ្នាំ ដល់ ៥ឆ្នាំ។
យានរុករក EV Nautilus ស្ថិតនៅក្នុងបេសកកម្មរុករកដែនមហាសមុទ្រដែលគេមិនស្គាល់នោះ នឹងព្យាយាមស្រាយអាថ៌កំបាំងលើវិស័យជីវវិទ្យា ភូគព្ភសាស្ត្រ និងបុរាណវិទ្យា៕