ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមកិច្ចប្រជុំពិភាក្សាជាមួយ ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly BOROVIK) ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាគ្នាក្នុងវិស័យកសិកម្ម និងការងារពាក់ព័ន្ធមួយចំនួនផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា។
នៅក្រោយជំនួបការងារនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងក្នុងបណ្តាញសង្គម នៅរសៀលថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២៣នេះថា ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យកសិកម្ម ផ្តោតសំខាន់លើការជំរុញពាណិជ្ជកម្មកសិកម្ម ជាអាទិ៍ ការនាំជីកសិកម្មពីរុស្ស៊ីមកកម្ពុជា និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារប្រទេសរុស្ស៊ី។
ប្រភពដដែល បានឲ្យដឹងទៀតថា ក្នុងឱកាសនោះ ភាគីទាំងពីរ ក៏បានពិគ្រោះពិភាក្សាគ្នាថែមទៀត អំពីការត្រៀមរៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការកសិកម្មជនជាតិសូវៀតចំនួន ៨រូប ដែលបានពលីជីវិតនៅក្នុងខេត្តកំពង់ចាម កាលពីឆ្នាំ១៩៨៣។ ភាគីទាំងពីរបានព្រមព្រៀងគ្នារៀបចំពិធីគោរពវិញ្ញាណក្ខន្ធអ្នកជំនាញការសូវៀត នៅខេត្តកំពង់ចាម ដែលជាទីកើតហេតុ។ ចំណែកស្តូបរំឭកវិញ្ញាណក្ខន្ធ នឹងរៀបចំខ្លឹមសារជាពីរភាសា គឺភាសាខ្មែរ និងរុស្ស៊ី ដោយមានឆ្លាក់ឈ្មោះអ្នកជំនាញការសូវៀតទាំង ៨រូបផង។
ចំពោះការងាររៀបចំ និងទីតាំងតម្កល់ស្តូបគោរពវិញ្ញាណក្ខន្ធ ភាគីទាំងពីរ កម្ពុជា-រុស្ស៊ី នឹងបន្តពិភាក្សាគ្នាបន្ថែមទៀត ដើម្បីធានាថា ការរៀបចំអាចដំណើរការបានរលូន។ បន្ថែមពីលើនេះ ទីតាំងនៃការតម្កល់ស្តូបត្រូវជ្រើសរើសឱ្យបានស័ក្តិសមជាទីបំផុត ដើម្បីផ្ដល់ការគោរពចំពោះអ្នកជំនាញការកសិកម្មនៃសហភាពសូវៀតទាំង៨រូប ដែលបានទទួលមរណភាពក្នុងពេលបំពេញបេសកកម្មនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ១៩៨៣៕ ដោយ ៖ បូរ៉ាវី





