
មជ្ឈមណ្ឌលទិន្នន័យព្រិល និងទឹកកកជាតិសហរដ្ឋអាមេរិក(NSIDC) បាននិយាយកាលពីថ្ងចន្ទថា ទឹកកកលើមហាសមុទ្រនៅជុំវិញតំបន់អង់តាក់ទិក បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរដូវរងារនេះ ធ្វើឲ្យក្រុមអ្នកវិទ្យាសាស្រ្តព្រួយបារម្ភថា ផលប៉ះពាល់ដោយសារបម្រែបម្រួលអាកាសធាតុនៅប៉ូលខាងត្បូង កំពុងកើនឡើងខ្លាំង ។
ក្រុមអ្នកស្រាវជ្រាវ ព្រមានថា ការផ្លាស់ប្តូរនេះ អាចបង្កផលវិបាកខ្លាំងសម្រាប់សត្វសមុទ្រដូចជាសត្វផេនឃ្វីន ដែលភ្ញាស់កូនរបស់វានៅលើទឹកកកសមុទ្រ ស្របពេលដែលការឡើងកម្តៅផែនដី នឹងកាត់បន្ថយចំណាំងផ្លាតពន្លឺព្រះអាទិត្យទៅកាន់ទីអវកាស ។
NSIDC និយាយថា ទំហំទឹកកកសមុទ្រតំបន់អង់តាក់ទិក បានឡើងដល់កម្រិតខ្ពស់បំផុតកាលពីថ្ងៃទី ១០ ខែកញ្ញា ពេលដែលវាគ្របដណ្តប់លើផ្ទៃទឹកជិត ១៧លានគ.មក្រឡា ដែលជាទំហំអតិបរមាទាបបំផុត ចាប់តាំងពីកំណត់ត្រារបស់ផ្កាយរណប បានចាប់ផ្តើមកាលពីឆ្នាំ ១៩៧៩ ។ វាមានប្រហែលជា ១លានគ.មក្រឡាតិចជាងកំណត់ត្រារដូវរងារលើកមុន ដែលបានបង្កើតឡើងកាលពីឆ្នាំ ១៩៨៦ ។
រដូវគឺបញ្ចា្រស់ទិសគ្នានៅអឌ្ឍគោលខាងត្បូង ក្នុងនោះទឹកកកសមុទ្រជាធម្មតាមានចំនួនច្រើនបំផុតនៅខែកញ្ញា ជាពេលជិតបញ្ចប់រដូវរងារ ហើយក្រោយមកវានឹងរលាយដល់កម្រិតទាបបំផុតនៅខែកុម្ភៈ ឬខែមីនា ពេលដែលរដូវក្តៅ ជិតចូលមកដល់ ។
ទំហំទឹកកកសមុទ្រតំបន់អង់តាក់ទិកនៅរដូវក្តៅ បានធ្លាក់ចុះទាបបំផុតនៅខែកុម្ភៈ ដោយបានបំបែកកំណត់ត្រាលើកមុន ដែលបានបង្កើតឡើងនៅឆ្នាំ ២០២២ ។
សូមបញ្ជាក់ថា តំបន់អាក់ទិក បានរងផលប៉ះពាល់ខ្លាំងដោយសារតែបម្រែបម្រួលអាកាសធាតុរយៈពេលជាង ១ទសវត្សរ៍កន្លងមកនេះ ក្នុងនោះទឹកកកសមុទ្រ បានធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរ ពេលដែលការឡើងកម្តៅនៅអឌ្ឍគោលខាងជើង លឿនជាងមធ្យម ៤ដង ៕