
ក្រសួងការបរទេសអ៊ីស្រាអែលនិយាយកាលពីថ្ងៃចន្ទថា ពួកគេរំពឹងថា សហរដ្ឋអាមេរិកនឹងប្រកាសក្នុងសប្តាហ៍នេះ ថាពួកគេព្រមទទួលយកកម្មវិធីលើកលែងទិដ្ឋាការ ដែលនឹងអនុញ្ញាតឲ្យប្រជាពលរដ្ឋអ៊ីស្រាអែល អាចចូលទឹកដីសហរដ្ឋអាមេរិកបានដោយពុំចាំបាច់មានទិដ្ឋាការ នៅខែវិច្ឆិកាខាងមុខនេះ។
កាលកំណត់សម្រាប់ឲ្យអ៊ីស្រាអែលបង្ហាញការអនុវត្តន៍តាមលក្ខខណ្ឌរបស់សហរដ្ឋអាមេរិក គឺនៅថ្ងៃទី ៣០ ខែកញ្ញានេះ ។ បើសិនជាជោគជ័យ ពួកគេនឹងផ្តល់ជ័យជំនះសម្រាប់រដ្ឋាភិបាលជាតិនិយម-សាសនារបស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ដែលទំនាក់ទំនងរបស់ពួកគេជាមួយទីក្រុងវ៉ាស៊ីងតោន បានជាប់គាំង ជុំវិញផែនការរបស់ពួកគេធ្វើកំណែទម្រង់ប្រព័ន្ធតុលាការ ក៏ដូចជាគោលនយោបាយរបស់ពួកគេលើជនប៉ាឡេស្ទីន។
នៅមិនទាន់មានសេចក្តីអធិប្បាយភ្លាមៗនោះទេ ពីក្រសួងការបរទេសសហរដ្ឋអាមេរិក។
ការទទួលយកកម្មវិធីមួយនេះ ទីក្រុងវ៉ាស៊ីងតោន តម្រូវឲ្យប្រទេសប្រព្រឹត្តស្មើគ្នាជាមួយអ្នកដំណើរទាំងអស់របស់សហរដ្ឋអាមេរិក មិនសំខាន់ថាពួកគេកាន់លិខិតឆ្លងដែនបែបណានោះទេ ។ នៅក្នុងករណីរបស់អ៊ីស្រាអែល នឹងមានន័យថា នឹងមានច្រកចូលដោយសេរីសម្រាប់ពលរដ្ឋអាមេរិកកាត់ប៉ាឡេស្ទីន នៅតាមអាកាសយានដ្ឋាន ហើយនិងពេលធ្វើដំណើរចេញ-ចូលដែនដីកាន់កាប់ប៉ាឡេស្ទីន។
ប្រជាពលរដ្ឋប៉ាឡេស្ទីនមួយចំនួន បានតវ៉ានឹងការចូលរួមកម្មវិធីលើកលែងទិដ្ឋការរបស់អ៊ីស្រាអែល ដោយពួកគេលើកឡើងថា វាគឺជាទង្វើរើសអើងរបស់អាមេរិកកាត់អារ៉ាប់ និងជាភាពអាម៉ាស់នៅតាមព្រំដែនអ៊ីស្រាអែល៕