
ស្របពេលដែលកម្មវិធី Google របស់ក្រុមហ៊ុន Alphabeត្រៀមប្រារព្ធខួបលើកទី ២៥នៅថ្ងៃពុធស្អែកនេះ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានសួរប្រជាពលរដ្ឋអាមេរិក ដើម្បីឆ្លុះបញ្ចាំងពីក្រុមហ៊ុនតម្លៃ ១សែនកោដិដុល្លារមួយនេះ និងឥទ្ធិពលរបស់វាលើជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
ប្រជាពលរដ្ឋអាមេរិកមួយចំនួន និយាយថា ក្រុមហ៊ុនមួយនេះ បានផ្លាស់ប្តូរពិភពលោក ទទួលបានព័ត៌មានភ្លាមៗ នៅក្នុងកណ្តាប់ដៃរបស់ពួកយើងទាំងអស់គ្នា ។ ប្រើប្រាស់កម្មវិធី Google មានគ្រប់វ័យទាំងអស់ ដោយលោកយាយមានអាយុ ៧០ឆ្នាំរស់នៅក្នុងរដ្ឋអាម៉ាហ្សូន និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា គាត់មិនអាចរស់នៅដោយគ្មានវាបានទេ ហើយក្មេងប្រុសអាយុ ១៦ឆ្នាំរស់នៅរដ្ឋកាលីហ្វ័រញ៉ា និយាយថា គាត់ស្វែងរកក្នុងកម្មវិធី Google រហូតដល់ ១០០លើកក្នុង១ថ្ងៃ ។
ខណៈដែលក្រុមហ៊ុន ត្រូវបានបង្កើតសាជីវកម្មនៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ១៩៩៨ ពួកគេនឹងប្រារព្ធខួបនៅថ្ងៃទី ២៧ ខែកញ្ញាស្អែកនេះ ។ កាលបរិច្ឆេតនេះ បានចាប់ផ្តើមនៅឆ្នាំ ២០០៥ និងជាការកំណត់កាលបរិច្ឆេតការប្រកាសពីចំនួនទំព័ររបស់កម្មវិធី Google ដែលត្រូវបានធ្វើសន្ទស្សន៍ ។
អ្វីដែលបានចាប់ផ្តើមក្នុងនាមជាក្រុមហ៊ុនម៉ាស៊ីនស្វែងរក បានផ្លាស់ប្តូរទៅជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ ជាមួយនឹងការបែងចែកគ្របដណ្តប់លើពាណិជ្ជកម្មអេឡិចត្រូនិក ការផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល ផលិតបច្ចេកវិទ្យា និងវិស័យជាច្រើនទៀត ។
សូមបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ ត្រូវបានសហស្ថានិកដោយលោក Larry Page និងលោក Sergey Brin ហើយបច្ចុប្បន្នដឹកនាំដោយលោកប្រធានប្រតិបត្តិ Sundar Pichai ៕