
កាលពីថ្ងៃចន្ទម្សិលមិញ រដ្ឋមន្រ្តីការពារជាតិឥណ្ឌាលោក Rajnath Singh បានបើកពិព័រណ៍យានដ្រូន និងដាក់បញ្ចូលជាផ្លូវការយន្តហោះ C-295 ចូលទៅក្នុងកងទ័ពអាកាសឥណ្ឌា នៅមូលដ្ឋានទ័ពអាកាសស្ថិតក្នុងទីក្រុងភាគខាងជើង Ghaziabad ។
ពិព័រណ៍យានដ្រូន 'Bharat Drone Shakti 2023' ឃើញមានបង្ហាញយានដ្រូនជាង ៥០គ្រឿង ។ ពិព័រណ៍នេះ ដែលគេមើលឃើញមានការចូលរួមពីក្រុមហ៊ុនរបស់ឥណ្ឌា និងអេស្ប៉ាញ មានបង្ហាញយានដ្រូនសម្រាប់ឈ្លបយកការណ៍លើអាកាស យានដ្រូនដឹកជញ្ជូន និងយានដ្រូនវាយប្រហារ ដែលពួកវាស្ថិតនៅក្នុងចំណោមយានដ្រូនជាច្រើនប្រភេទទៀត។
កាដាក់បញ្ចូលយន្តហោះ C-295 ទៅក្នុងកងទ័ពអាកាស ត្រូវបានធ្វើឡើងជាមួយមេបញ្ជាការកងទ័ពអាកាសឥណ្ឌា លោក Marshal Vivek Ram Chaudhary ។ យន្តហោះ ដែលផលិតនៅប្រទេសអេស្ប៉ាញនេះ នឹងជំនួសយន្តហោះវ័យចំណាស់ Avros-748របស់កងយន្តហោះឥណ្ឌា ។
ដោយឡែក ឯកអគ្គរដ្ឋទូតអេស្ប៉ាញប្រចាំនៅក្នុងប្រទេសឥណ្ឌា លោក Jose Maria Ridao Dominguez និយាយថា ពួកយើងពិតជាមានមោតនភាពខ្លាំងណាស់ ហើយពួកយើងក៏សប្បាយរីករាយខ្លាំងណាស់ដែរ ពេលមើលឃើញយន្តហោះនេះនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែពួកយើងមិនភ្លេចនោះទេថា ទំនាក់ទំនងប្រទេសទាំង២ គឺធំធេងជាងនេះ ៕