
សកម្មជនដ៏លេចធ្លោ និងជាមេធាវីមួយរូប ដែលទទួលបានភាពល្បីល្បាញដោយសារការអំពាវនាវយ៉ាងបើកចំហររបស់ខ្លួន ឲ្យមានកំណែទម្រង់របបរាជានិយមដ៏មានឥទ្ធិពលរបស់ប្រទេសថៃនោះ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំពីបទប្រមាថព្រះមហាក្សត្រ។ នេះបើតាមការឲ្យដឹងពីចៅក្រម និងមេធាវីរបស់ជនជាប់ទោសផ្ទាល់តែម្ដង។
មេធាវីខាងផ្នែកសិទ្ធិមនុស្ស លោក Arnon Nampa ត្រូវបានគេស្គាល់យ៉ាងទូលំទូលាយ ដោយសារសុន្ទរកថារបស់លោក ដែលធ្វើឡើងបំពាននឹងច្បាប់ប្រមាថ អំឡុងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ ក្នុងឆ្នាំ២០២០ នៅពេលដែលរូបលោកបានអំពាវនាវឲ្យមានការជជែកដេញដោលជាសាធារណៈអំពីតួនាទីរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិពលរបស់ប្រទេសថៃ។ លោក Arnon បានបដិសេធថា មិនបានធ្វើអ្វីខុសនោះឡើយ។
ច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេសថៃ ការពារព្រះបរមរាជវាំងមិនឲ្យមានការរិះគន់ និងផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារយៈពេល ១៥ឆ្នាំ ដល់អ្នកណា ដែលប្រមាថព្រះមហាក្សត្រ ពោលគឺជាទណ្ឌកម្ម ដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយពីសំណាក់ក្រុមសិទ្ធិមនុស្សអន្តរជាតិ។ មេធាវីលោក Krisadang Nutcharus បានប្រាប់សារព័ត៌មាន Reuters ថា លោកកំពុងព្យាយាមឲ្យកូនក្ដីរបស់លោក នៅក្រៅឃុំ។
នេះគឺជាសាលក្រមដំបូងគេ ក្នុងចំណោមករណីប្រមាថព្រះមហាក្សត្រចំនួន ១៤ករណី ប្រឆាំងនឹងលោក Arnon ដែលបាននិយាយដោយឥតសំចៃមាត់ ពោលគឺជាមនុស្សម្នាក់ ក្នុងចំណោមមនុស្សរាប់រយនាក់ដែលត្រូវបានចោទប្រកាន់ក្រោមច្បាប់នេះ និងជាករណីមួយ ក្នុងចំណោមករណីដ៏តឹងរ៉ឹងបំផុតនៃច្បាប់ប្រភេទនេះ ក្នុងពិភពលោក៕