
តារាកំប្លែងជនជាតិអង់គ្លេស លោក Russell Brand កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) បានយកវេទិកាប្រព័ន្ធផ្សព្វផ្សាយ Rumble ដើម្បីចោទប្រកាន់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយភាគច្រើនថា បាន «បង្កើតកន្លែងសាងសាច់រឿង និងថា បានលាក់បាំងរឿងរ៉ាវនានា កុំឲ្យមានការសួរដេញដោល។
លោក Brand ដែលនៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយនានា ត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទជាបន្តបន្ទាប់ជាច្រើនករណី បាននិយាយនៅក្នុងការផ្សាយជាប្រចាំរបស់ខ្លួន នៅលើប្រព័ន្ធផ្សព្វផ្សាយ Rumble ជាវេទិការ ដែលលោកមានអ្នកតាមដាន ១,៦លាននាក់។
នគរបាលអង់គ្លេស កាលពីថ្ងៃចន្ទ (ទី២៥ ខែកញ្ញា) បានឲ្យដឹងថា ពួកគេបានបើកការស៊ើបអង្កេតលើការចោទប្រកាន់មួយចំនួននៃបទល្មើសផ្លូវភេទ ដែលមិនមែនកើតឡើងថ្មីៗនេះទេ បន្ទាប់ពីមានសេចក្ដីរាយការណ៍របស់សារព័ត៌មាន Sunday Times និងទូរទស្សន៍ Channel 4 កាលពីដើមខែ ដែលថា លោក Brand ត្រូវបានចោទពីបទប្រព្រឹត្តល្មើសផ្លូវភេទ ក្នុងនោះរួមទាំងការចាប់រំលោភសេពសន្ថវៈ នៅចន្លោះឆ្នាំ២០០៦ និងឆ្នាំ២០១៣ ផងដែរ។
លោក Brand បានច្រានចោល «រាល់ការចោទប្រកាន់ពីបទព្រហ្មទណ្ឌទាំងអស់» ដោយនិយាយនៅលើបណ្តាញសង្គមរបស់លោកថា លោកមិនធ្លាប់មានការរួមភេទ ដែលមិនមានការព្រមព្រៀងគ្នានោះឡើយ។ តែទោះជាយ៉ាងណាក្ដី លោកមិនបានបញ្ជាក់ភ្លាមៗ ចំពោះការចោទប្រកាន់ពីបទល្មើសផ្លូវភេទ ក្នុងវីដេអូកាលពីថ្ងៃចន្ទនោះទេ៕