អ៊ីរ៉ាក់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០០នាក់បានស្លាប់ និង ១៥០នាក់បានរងរបួស បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅសាលពិធីមង្គលការមួយកន្លែង។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ INA របស់ប្រទេសអ៊ីរ៉ាក់បាននិយាយនៅព្រឹកថ្ងៃពុធនេះថា អគ្គិភ័យបានឆាបឆេះ កាលពីយប់ថ្ងៃអង្គារនៅក្នុងស្រុក អាល់ ហាំដានីយ៉ា (Al-Hamdaniya) ក្នុងខេត្ត Nineveh ក្នុងប្រទេសអ៊ីរ៉ាក់ ភាគខាងជើង។
គេមិនច្បាស់ទេថា មូលហេតុអ្វីបណ្ដាលឲ្យមានអគ្គិភ័យនេះកើតឡើង ប៉ុន្តែ ដំបូងឡើយ បានរាយការណ៍ថាអគ្គិភ័យបានឆាបឆេះបន្ទាប់ពីពិធីបាញ់កាំជ្រួយភ្ញី។
វីដេអូបង្ហោះដោយទីភ្នាក់ងារព័ត៌មានអ៊ីរ៉ាក់ Nina បង្ហាញក្រុមអ្នកពន្លត់អគ្គិភ័យកកំពុងព្យាយាមពន្លត់អណ្ដាតភ្លើងនៅសាលរៀបមង្គលការនោះ។
ការិយាល័យរបស់លោកនាយករដ្ឋមន្រ្ដីអ៊ីរ៉ាក់ បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ថាលោកបានប្រាប់ក្រុមមន្ត្រីឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តល់ជំនួយដល់អ្នកដែលរងផលប៉ះពាល់ដោយឧបទ្ទវហេតុដ៏អកុសលនេះ ។
នាយកដ្ឋានការពារជនស៊ីវិលរបស់ប្រទេសអ៊ីរ៉ាក់ បាននិយាយដោយដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Nina ថា អគ្គិភ័យបាននាំឱ្យមានការដួលរលំផ្នែកខ្លះនៃសាលនេះ ដោយសារតែការប្រើប្រាស់សម្ភារៈសំណង់ងាយឆេះខ្លាំង និងមានតម្លៃទាប ដែលដួលរលំក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ នៅពេលអគ្គិភ័យបានឆាបឆេះ។
នៅក្នុងវីដេអូដែលថតបាននៅកន្លែងកើតហេតុដោយអ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters គេមើលឃើញក្រុមអ្នកពន្លត់អគ្គិភ័យ ឡើងលើគំនរកម្ទេចកម្ទីនៃអគារនេះ ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនៅព្រឹកព្រលឹមថ្ងៃពុធនេះ ៕

